ភ្នំពេញ៖ កម្ពុជាបានបញ្ជាក់ជាថ្មីនូវជំហរឹងមាំរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដី ដោយបដិសេធការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរព្រំដែនកម្ពុជា-ថៃតាមរយៈកងកម្លាំងប្រដាប់អាវុធ អំពាវនាវឱ្យប្រើយន្ដការ និងការងារកំណត់ព្រំដែនជាបន្ទាន់ក្រោមយន្តការទ្វេភាគីដែលមានស្រាប់។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា នៅព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៦ បាននិយាយថា ជំហរបស់កម្ពុជានៅតែច្បាស់លាស់ និងស៊ីសង្វាក់គ្នា ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងយូរអង្វែង ខណៈដែលភាគីទាំងពីរអនុវត្តសេចក្តីថ្លែងការណ៍រួមដែលចេញនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។
ដោយយោងទៅលើចំណុចទី ៣ នៃសេចក្តីថ្លែងការណ៍រួម លោក បូណា បានថ្លែងថា កម្ពុជា និងថៃបានឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្ដីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ពាល់ទៅដល់ខណ្ឌសីម៉ាព្រំដែន និងព្រំដែនអន្ដរជាតិរវាងប្រទេសទាំងពីរនោះទេ។
លោកបានសង្កត់ធ្ងន់ថា៖ «ប្រទេសទាំងពីរបានឯកភាពផ្ដល់សិទ្ធិឱ្យគណៈកម្មការចម្រុះព្រំដែន (JBC) បន្ដអនុវត្ដការងារវាស់វែង និងខណ្ឌសីម៉ាព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្ដិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែន»។
លោកបានបន្ថែមថា ភាគីទាំងពីរបានឯកភាពគ្នាថា នឹងប្រើប្រាស់យន្ដការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្ដិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្ដែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ភាគីទាំងពីរបានឯកភាពគ្នាថា (JBC) នឹងផ្ដល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខណ្ឌសីម៉ាព្រំដែននៅតាមតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។
លោក បូណា បានបន្ដថា៖ «កម្ពុជារក្សាជំហម៉ឺងម៉ាត់ក្នុងការការពារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបានបន្សល់ទុកដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម។ កម្ពុជាមិនទទួលស្គាល់នូវរាល់ការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ហើយសកម្មភាពណាដែលប្រព្រឹត្ដិខុសពីការឯកភាពគ្នានៅក្នុងសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ និងកិច្ចព្រមព្រៀងនានាដែលមានកន្លងមក ត្រូវចាត់ទុកជាសកម្មភាពខុសច្បាប់ និងរំលោភបំពានកិច្ចឈប់បាញ់»។
លោកបានបញ្ជាក់ថា អ្វីដែលពលរដ្ឋបានឃើញ ដោយសំដៅលើរូបភាព ឬវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គមនានា មិនមែនជាការកំណត់ព្រំដែនអន្ដរជាតិរវាងប្រទេសទាំងពីរនោះទេ៕

