កម្ពុជាបានបង្ហាញពីការរំលោភបំពានលើទឹកដីខ្មែរដោយភាគីថៃ ដោយតបានរឹបអូស និងរក្សាការគ្រប់គ្រងលើផ្នែកខ្លះនៃទឹកដីរបស់កម្ពុជា ដែលជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ច្បាប់អន្តរជាតិ និងការវាស់វែងព្រំដែនទ្វេភាគីដែលមានស្រាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ២ ខែធ្នូនេះ។
សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា៖ «ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុន និង ជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយ សំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួនបួន»។
ការឈ្លានពានដែលត្រូវបានចោទប្រកាន់បានកើតឡើងនៅក្នុងខេត្តចំនួនបួនគឺ បន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ ហើយបានបន្តសូម្បីតែបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី ២៧ ខែធ្នូក៏ដោយ។
• ខេត្តបន្ទាយមានជ័យ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ តំបន់បឹងត្រកួន;
• ខេត្តពោធិ៍សាត់៖ តំបន់ភ្លុកដំរី តំបន់ច្រកចូលអន្តរជាតិថ្មដា (ច្រកជ័យជំនៈ);
• ខេត្តព្រះវិហារ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ;
• ខេត្តឧត្តរមានជ័យ៖ តំបន់ស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស។
ចំពោះតំបន់បឹងត្រកួន មានភូមិចំនួន ៤ ដូចជា ផ្លូវបំបែក សាមគ្គីមានជ័យ បន្ទាយមានឬទ្ធិ និងបឹងសំរោង ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ។ នេះបើយោងតាមការបន្ថែមរបស់លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ។
ប្រតិបត្តិការទាំងនេះមិនបានបញ្ឈប់ជាមួយនឹងការឈប់បាញ់នោះទេ។ សេចក្តីថ្លែងការណ៍នេះបានចោទប្រកាន់កងកម្លាំងថៃថាបានបង្កើនការរុះរើផ្ទះពលរដ្ឋកម្ពុជា ទីតាំងវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅក្នុងតំបន់ដែលពួកគេកាន់កាប់ ជាពិសេសនៅក្នុងភូមិព្រៃចាន់ ជោគជ័យ និងតំបន់បឹងត្រកួន ក៏ដូចជានៅជុំវិញច្រកព្រំដែនថ្មដា។
ក្រសួងបានបង្ហាញថា៖ «ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយ កម្ទេចផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀត ហដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជា ដោយបន្តបិទសិទ្ធិរបស់ជនស៊ីវិលភៀសសឹកកម្ពុជាជាច្រើន មិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់គេវិញបាន គឺជាការរំលោភ យ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់ សិទ្ធិមនុស្សអន្តរជាតិ»។
កម្ពុជាទាមទារឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាព នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា ដកបុគ្គលិក និងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ ដែលទទួលស្គាល់ដោយច្បាប់។
សេចក្ដីថ្លែងការណ៍បានបន្ដថា ថៃត្រូវគោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌ និងស្មារតីនៃការព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីប្រកាសរួមស្តីពីសន្តិភាព និងការដោះស្រាយ ជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុង គូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា៖ «រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ដោយឥតងាករេ ចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាមួយ ប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយប្តេជ្ញាចិត្តជា ដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់ កម្លាំងនោះឡើយ»។
ក្រសួងបានបន្ដថា៖ «កម្ពុជាសង្ឃឹមថាសហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះ ព្រំដែន ស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែល មានស្រាប់»៕

