ពេញៈ កិច្ចសន្យាផ្គត់ផ្គង់ស្រូវក្នុងទំហំទឹកប្រាក់«២,៤លានដុល្លារ»ត្រូវបានធ្វើឡើងរវាងសហគមន៍កសិកម្មទំនើបចំនួន២ ជាមួយនឹងក្រុមហ៊ុនបៃតង ក្រោមសក្ខីភាពរដ្ឋមន្រ្តីក្រសួងកសិកម្ម លោកឌិត ទីណា បន្ទាប់ពីក្រសួងកសិកម្មបានចុះកិច្ចព្រមព្រៀងជួយគាំទ្រទុនប្រមាណ ១៣លានដុល្លារ ដល់កសិករផលិតស្រូវក្នុងខេត្តចំនួន៤។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនាថ្ងៃសៅរ៍ ទី៣ ខែមករានេះថា តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ សហគមន៍កសិកម្មទំនើប ព្រះនេត្រព្រះមានជ័យ នៃខេត្តបន្ទាយមានជ័យ និងសហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាពស្រុកឯកភ្នំ នៃខេត្តបាត់ដំបង នឹងធានាការផ្គត់ផ្គង់ស្រូវសែនក្រអូបក្នុងបរិមាណជិត១ម៉ឺនតោន ក្នុងអំឡុងពេល៤ខែខាងមុខទៀត។
ក្រសួងបានលើកឡើងថា បើទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ ក៏ផលិតកម្មកសិកម្មនៅតែត្រូវបន្តទៅមុខជានិច្ច។ ក្រសួងកសិកម្មបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយជ្រោមជ្រែងដល់បងប្អូនប្រជាកសិករ ជាពិសេសតាមរយៈយន្តការ«សហគមន៍កសិកម្មទំនើប» ដែលផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយ ទាំងលើផ្នែកទីផ្សារ ដើមទុន បច្ចេកទេស និងការកាត់បន្ថយថ្លៃដើម។
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងកសិកម្មក៏បានចុះកិច្ចព្រមព្រៀងជួយគាំទ្រទុនប្រមាណ ១៣ លានដុល្លារដល់កសិករផលិតស្រូវនៅក្នុងខេត្តចំនួន៤ផងដែរ។
អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោកឃឹម ហ្វីណង់ ដែលជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃក្រសួងកសិកម្មផងនោះ បានអញ្ជើញចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង១២លានដុល្លារ និងជំនួយឥតសំណងជិត១លានដុល្លារ ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប។
ក្រសួងបានឱ្យដឹងថា ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នានៅខេត្តសៀមរាប។ នេះជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវជាង១ ៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥ ០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើម។
សហគមន៍កសិកម្មទំនើបទាំង៩នោះ រួមមាន៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក និងសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ក្នុងខេត្តកំពង់ធំ។ រីឯ ក្នុងខេត្តបាត់ដំបងវិញ មានសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ, សហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់, សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត, សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ និងសហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាពមោងឬស្សី។ សហគមន៍២ចុងក្រោយ គឺសហគមន៍កសិកម្មទំនើបព្រះនេត្រព្រះ ក្នុងខេត្តបន្ទាយមានជ័យ និងសហគមន៍កសិកម្មទំនើបស្រូវនាងអំ ក្នុងខេត្តសៀមរាប៕

