បន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋនៅក្បែររង្វង់មូលបឹងត្រកួន ស្ថិតក្នុងតំបន់បឹងត្រកួន ត្រូវបានបំផ្លិចបំផ្លាញដោយអាវុធយុទ្ធភណ្ឌរបស់យោធាថៃ អំឡុងការវាយប្រហារចន្លោះថ្ងៃទី៧ ដល់ទី២៧ ខែធ្នូ ឆ្នាំ២០២៥។
អាជ្ញាធរមូលដ្ឋានឲ្យដឹងថា យោធាថៃនៅតែបន្តរាយបន្លាលួស និងដាក់កុងតឺន័រ ចូលមកក្នុងបូរណភាពទឹកដីកម្ពុជាជម្រៅប្រមាណមួយគីឡូម៉ែត្រពីច្រកព្រំដែនបឹងត្រកួន។
តំបន់ព្រំដែនបឹងត្រកួន មានភូមិចំនួន៤ រួមមាន ផ្លូវបំបែក សាមគ្គីមានជ័យ បន្ទាយមានឬទ្ធិ និងបឹងសំរោង ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលត្រូវបានរាយការណ៍ថា រងការទន្ទ្រាន និងកាន់កាប់ខុសច្បាប់ដោយយោធាថៃ។
ប្រជាពលរដ្ឋជាច្រើននៅតែរស់នៅភៀសសឹក ព្រោះផ្ទះសម្បែងរងការខូចខាត និងមានការព្រួយបារម្ភពីសុវត្ថិភាព។
រដ្ឋាភិបាលកម្ពុជា បានទាមទារជាផ្លូវការឲ្យយោធាថៃដកកងកម្លាំងចេញពីការកាន់កាប់ខុសច្បាប់លើទឹកដីកម្ពុជា បន្ទាប់ពីមានបទឈប់បាញ់៕






