កម្ពុជា​រក​​បាន​ ១,៥ ពាន់​លាន​ដុល្លារ​​ពី​ការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទីឆៅ​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជា​រក​​បាន​ ១,៥ ពាន់​លាន​ដុល្លារ​​ពី​ការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទីឆៅ​

 កម្ពុជាបាន​នាំ​ចេញ​គ្រាប់​ស្វាយចន្ទីឆៅទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ​ជាង ១ លាន​តោន​​កាល​ពី​​​ឆ្នាំ ២០២៥ ដោយ​ប្រមូល​ប្រាក់​បាន​ ១,៥​ ពាន់​លាន​ដុល្លារ កើន​ឡើង​ជាង ១/៤ដង ​បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ វៀតណាម គឺ​ជា​ទីផ្សារ​ទទួល​ទិញ​គ្រាប់​ស្វាយចន្ទីឆៅ​​ធំ​ជាង​គេ​របស់​កម្ពុជា។​​


ទិន្នន័យ​ក្រៅ​ផ្លូវ​ការ​របស់​សមាគមស្វាយចន្ទីកម្ពុជា​(សសក) ឱ្យដឹងថា ក្នុង​រយៈ​ពេល ១២​ខែ​​​ឆ្នាំ​២០២៥ កម្ពុជាប្រមូល​ផល​គ្រាប់ស្វាយចន្ទីឆៅបាន​សរុប​ប្រមាណ ១ ០២០ ៧៥៧ តោន ដែល​នេះ​បង្ហាញពីភាពធន់នៃវិស័យស្វាយចន្ទីកម្ពុជា​​ចំពេលមានបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុដែលកើតមាន​ជា​បន្ត​បន្ទាប់​។

សសក ឱ្យ​ដឹង​ទៀត​ថា ក្នុងឆ្នាំ​២០២៥ ​​កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០០០ ៧៥៧ តោន​ទៅ​ទីផ្សារ​ប្រទេស​ជិតខាង​ ដោយអាច​រក​ថវិកា​ចូល​ជាតិ​ប្រហែល ១,៥​ ពាន់លានដុល្លារ កើនជាង ២៧%​ បើធៀបនឹងឆ្នាំ២០២៤។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បាននិយាយ​ថា ​ទោះបី​មានភាព​រអាក់រអួលខ្លាំងទាក់ទងនឹងអាកាសធាតុកាលពីដើមឆ្នាំ​២០២៥ ក៏បរិមាណ​ទិន្នផលគ្រាប់​ស្វាយ​ចន្ទី​កម្ពុជា ​នៅ​តែ​ទទួល​បាន​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​។

លោក​បាន​រំលឹក​ថា ​កាលពី​ខែមីនា ឆ្នាំ​២០២៥ លក្ខខណ្ឌអាកាសធាតុអាក្រក់បានជះឥទ្ធិពលអវិជ្ជមានខ្លាំង​ដល់ការប្រមូលផល​ដែលជំរុញឱ្យអ្នកជំនាញ និងតំណាងឧស្សាហកម្មមួយ​នេះ​ធ្វើ​ការ​ព្រមានពីការធ្លាក់ចុះទិន្នផលស្វាយចន្ទី។ ទោះយ៉ាងណា ស្ថានភាពបានចាប់ផ្តើមប្រសើរឡើងវិញនៅខែមេសា បន្ទាប់ពីសមាគមស្វាយចន្ទីកម្ពុជាបានដាក់ចេញនូវវិធានការសម្របខ្លួននឹងអាកាសធាតុ។ លោក​បន្ថែម​ថា លទ្ធផលវិជ្ជមានបានបន្តរហូតដល់ខែឧសភា និងមិថុនា នៅពេលដែលលក្ខខណ្ឌអាកាសធាតុមានស្ថិរភាព ដែលអនុញ្ញាតឱ្យផលិតកម្មស្វាយចន្ទីងើបឡើងវិញ និងលើសពីការរំពឹងទុកកាលពីដំបូង។

លោក​​ថ្លែង​ថា៖​«ទិន្នផលចុងក្រោយនេះ ហាក់ដូចជាផ្ទុយពីការព្រួយបារម្ភដំបូងដែលលើកឡើងដោយ សសក បើទោះបី សសក បានប្រឹងប្រែងក្នុងរយៈពេល ៣ ឆ្នាំកន្លងមក​ដើម្បីជំរុញវិធីសាស្ត្រកសិកម្មសរីរាង្គ និងភាពធន់នឹងអាកាសធាតុ ក្នុង​ន័យ​ជួយកសិករសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ»។

យោងតាម សសក ដោយសារ​សមត្ថភាព​នៃ​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​នៅ​កម្ពុជា​នៅ​មាន​កម្រិតទាប ដូច្នេះ​ទិន្នផល​គ្រាប់​ស្វាយចន្ទី​ឆៅស្ទើ​ទាំង​អស់​ត្រូវ​បាន​នាំ​ចេញ​(ប្រទេស​វៀតណាម​)។

កាល​ពី​ឆ្នាំ២០២៤ កម្ពុជាសម្រេចបានប្រមូលនូវទិន្នផលគ្រាប់ស្វាយចន្ទីឆៅសរុបចំនួន ៨៥០ ០០០ តោន ក្នុងនោះការនាំចេញគ្រាប់ឆៅបានចំនួន ៨១៥ ០០០ តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១,១៥ ពាន់​លានដុល្លារ កើនឡើង ២៦,១៥% ធៀប​ឆ្នាំ​២០២៣។ ដោយឡែកនាំចេញទៅវៀតណាមមាន ចំនួន ៧៩៥ ០០០តោន។

បើ​តាម សសក ​កម្ពុជា​បច្ចុប្បន្ន​មាន​​ផ្ទៃដី​ដាំស្វាយចន្ទី​​​ប្រមាណ ៧០០ ០០០ ហិកតា ក្នុងនោះ ៥៨០ ០០០ ហិកតា​ជា​ផ្ទៃដី​​ប្រមូលផល និងប្រមាណ ១២០ ០០០ ហិកតា​​ជាដំណាំដាំថ្មី។ ជា​មធ្យម​ក្នុង ១ឆ្នាំ​កម្ពុជា​ប្រមូល​ផល​គ្រាប់​ស្វាយ​ចន្ទី​(ឆៅ) បាន​​ចន្លោះពី ៨០០ ០០០ ទៅ ១ ០០០ ០០០​តោន។


យោងតាម​ លោក ស៊ីឡុត គិតត្រឹមដើមឆ្នាំ​២០២៥ កម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី​ចំនួន ៥២ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម​(សមត្ថភាពផលិត ៧ ០០០ តោន ទៅ ១៤០ ០០០ តោន​ក្នុងមួយឆ្នាំ)។ ចំណែក ៤៨ សហគ្រាសផ្សេងទៀតជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ​មិនមានផលិតកម្មពេញ ១ឆ្នាំឡើយ។


សមា្រប់​សកម្ម​ភាព​ការ​កែច្នៃ​របស់​រោងចក្រ/សិប្បកម្ម​ក្នុង​ស្រុក ​កាល​ពី​ឆ្នាំ​២០២៥ គឺ​ថយចុះ​បន្តិច ដោយ​សារ​តម្លៃ​គ្រាប់​ស្វាយ​ចន្ទីឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​ខ្ពស់ ដែល​ជំរុញ​ឱ្យ​ប្រជាកសិករ​ និង​ឈ្មួញ​ប្រមូលទិញ​គ្រាប់​ស្វាយចន្ទីឆៅ​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​នាំចេញ​​៕​​

Post a Comment (0)
Previous Post Next Post