ពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានជំរុញឱ្យមន្ទីរបរិស្ថាន រាជធានី-ខេត្តទាំងអស់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ជាពិសេសមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ផលអនុផលព្រៃឈើ កាប់ចេញពីតំបន់ការពារធម្មជាតិ ចូលរោងសិប្បកម្មកែច្នៃឈើ រោងស្តុក និងឡដុតធ្យូងខុសច្បាប់នោះឡើយ។
ការជំរុញនេះធ្វើឡើង នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានជាលើកដំបូង សម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៦ នាថ្ងៃទី៥ ខែមករានេះ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«ទន្ទឹមនឹងនេះ ត្រូវបង្កើនការផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ពីផលប៉ះពាល់នៃការបង្កើតឡធ្យូង និងការកាប់ទន្ទ្រានព្រៃយកដី និងការកាប់ឈើដឹកជញ្ជូនខុសច្បាប់ ក្នុងតំបន់ការពារ និងត្រូវចូលរួមសហការទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិ»។
លើសពីនេះ លោកក៏បានណែនាំឱ្យមន្ត្រីនៅតាមតំបន់ការពារធម្មជាតិ ត្រូវបន្តកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់ តាមដាន ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងដីព្រៃឈើឱ្យបានទាន់ពេលវេលាផងដែរ។ក្រសួងបរិស្ថានបានឱ្យដឹងនាថ្ងៃអង្គារ ទី៦ ខែមករានេះថា មន្រ្តីឧទ្យានុរក្ស រួមជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន បានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិ ដោយបានរបង្រ្កាបឡដុតធ្យូងចំនួន៥ កន្លែង នៅចំណុចស្រែជើងវ៉ាន់ និងចំណុចស្រែអញ្ចាញម៉ាត់អូរព្រះ ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីថ្ងៃទី៤ ខែមករា។
ប្រតិបត្តិការនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព ជាពិសេសវិធានការជំរុញ «ភាពបៃតង» ដែលជាសសរស្តម្ភទី២ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ យុទ្ធសាស្រ្តចក្រានេះ ត្រូវបានបង្កើតឡើងស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឱ្យធ្វើការទប់ស្កាត់ និងប្រឆាំងបទល្មើសធនធានធម្មជាតិ ពង្រឹងការអនុវត្តច្បាប់ ជំរុញការពង្រីកគម្របបៃតង និងការអភិវឌ្ឍជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។
ទាក់ទងនឹងការការពារធនធានធម្មជាតិនេះផងដែរ ក្រសួងបរិស្ថានបានបញ្ចប់សេចក្តីព្រាង យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAPs) ដ៏មានមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការបង្កើត និងអនុវត្តយុទ្ធសាស្ត្រដើម្បីការពារជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី។ ផែនការទាំងនេះកំពុងឆ្លងកាត់ការផ្តល់មតិយោបល់ផ្តល់ធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការកំណត់អាទិភាពជាតិ សកម្មភាព និងការប្តេជ្ញាចិត្តក្នុងការដោះស្រាយការបាត់បង់ជីវៈចម្រុះ ស្របតាមគោលដៅសកលដូចជាក្របខ័ណ្ឌជីវៈចម្រុះសកល(GBF)។
កម្ពុជាមានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ គ្របដណ្ដប់លើផ្ទៃដីសរុបជាង៧,២លានហិកតា ស្មើនឹងជាង៤០% នៃផ្ទៃដីប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន៕



