គោលដៅចម្បងកម្ពុជា គឺបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់សត្រូវឈ្លានពាន និងរក្សាសន្តិភាព តែមិនធ្វើសម្បទានអធិបតេយ្យជាតិឡើយ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

គោលដៅចម្បងកម្ពុជា គឺបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់សត្រូវឈ្លានពាន និងរក្សាសន្តិភាព តែមិនធ្វើសម្បទានអធិបតេយ្យជាតិឡើយ

 ភ្នំពេញៈ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំ ដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល ប៉ុន្តែកម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬ សេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។






នេះជាការលើកឡើងរបស់ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន ក្នុងសាររំឭកខួបទី៤៧ នៃថ្ងៃជ័យជម្នះ ៧ មករា នាថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០២៦នេះ។

លោកហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានលើកឡើងបន្តថា ក្នុងពេលសម្រេចបានសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត, កម្ពុជានៅតែត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការចុះខ្សោយ នៃសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ដែលបាននិងកំពុងជះឥទ្ធិពលមកលើដំណើរវិវឌ្ឍន៍របស់កម្ពុជា។ ជាពិសេសប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកំរោលមកលើបូរណភាពទឹកដីកម្ពុជា នៅតាមបណ្តោយព្រំដែនក្រោម លេសការពារសន្តិសុខ និងអធិបតេយ្យរបស់ថៃ។

នៅក្នុងសកម្មភាពរំលោភបំពាននេះ កងយោធាថៃបានបាញ់ប្រហារវាយសម្រុកមកលើកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងទីតាំងលើដែនអធិបតេយ្យរបស់ខ្លួន និងវាយប្រហារលើគោលដៅស៊ីវិលនានាឥតរើសមុខ ដោយប្រើប្រាស់អាវុធធំតូច និងទំនើបគ្រប់ ប្រភេទ ទាំងជើងគោក ជើងទឹក និងជើងអាកាស។ ការរំលោភបំពាននេះបានបង្កមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅយ៉ាងសុខសាន្តនៅតាមតំបន់ទាំងនោះ។

លោកបានគូសបញ្ជាក់ថា៖«សកម្មភាពបែបនេះ ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ បំពានធម្មនុញ្ញអាស៊ាន និងមិនគោរពស្មារតីនៃសហគមន៍អាស៊ានឡើយ។ ម្យ៉ាងទៀត សកម្មភាពបែបនេះ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងកាតព្វកិច្ចអន្តរជាតិក្នុងការការពារជនស៊ីវិល ទ្រព្យសម្បត្តិវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក»។

ឆ្លើយតបនឹងអំពើរំលោភបំពាននេះ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តសិទ្ធិស្វ័យការពារខ្លួនយ៉ាងរឹងមាំ។ ក្នុងស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីតាមគ្រប់យន្តការ និងស្របតាមច្បាប់អន្តរជាតិ ពិសេស បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ។ ប៉ុន្តែភាគីថៃបានពង្រីកសកម្មភាពវាយ ប្រហារកាន់តែធំឡើង ដោយមិនអនុវត្តនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួនេះឡើយ ដែលធ្វើឱ្យសភាពការណ៍កាន់តែមានសភាពធ្ងន់ធ្ងរ និងមហន្តរាយឡើងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

វត្តតាមាន់សែនជ័យ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែករបស់យោធាថៃនាពេលកន្លងមក។ រូបថត ក្រសួងមហាផ្ទៃ

កម្ពុជាក៏នៅតែបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីនាំយកមក វិញនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ ក៏ដូចដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

ដោយឈរលើមាគ៌ាឆ្ពោះទៅមុខបន្តទៀត ប្រធានព្រឹទ្ធសភាបានអំពាវនាវដល់ជនរួមជាតិគ្រប់រូប ឱ្យបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាងប្រទេសជាតិយើង។

លោកមានជំនឿយ៉ាងមុតមាំថា៖«ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គធំប៉ុណ្ណាឡើយ....សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ។ យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយ ដែលអ្នករំលោភបំពានបានប្រព្រឹត្តមកលើជាតិ មាតុភូមិ និងប្រជាជនយើង»។លោកក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទី សូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោម បាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់កម្ពុជា។

វត្តតាមាន់សែនជ័យ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែករបស់យោធាថៃនាពេលកន្លងមក។ រូបថត ក្រសួងមហាផ្ទៃ

ជ័យជម្នះ ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់ឡើងវិញ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

លោកហ៊ុន សែនបានបញ្ជាក់ថា កម្ពុជារំឭកទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវឧក្រិដ្ឋកម្មដែលរបបប៉ុល ពត ដ៏ឃោរឃៅ បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា អស់រយៈពេលជាង៣ឆ្នាំ។ បន្ថែមពីនេះ ក៏ជាការ គោរពដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិ ដែលគ្មានទោសពៃរ៍អ្វីទាំងអស់រាប់លាននាក់ ដែលត្រូវស្លាប់យ៉ាងអយុត្តិធម៌ បំផុតនៅក្រោមរបបនេះផងដែរ៕

Post a Comment (0)
Previous Post Next Post