ក្រសួងមហាផ្ទៃ ថ្លែងថា ទាហានជើងទឹកថៃបានចូលរឹបអូសឃ្លាំងអាវុធរបស់កម្ពុជា ពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ច្រកផ្លូវ៥៦ ដែលពួកគេបានចូលបំពានចូលដីកម្ពុជា មិនមែននៅការស៊ីណូ ដូចការអះអាងរបស់ពួកគេនោះទេ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៦ ខែមករានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងថា សារព័ត៌មានថៃ បានស្រង់សំដីអ្នកជំនាញកងទ័ពជើងទឹកថៃ ដែលបានចោទប្រកាន់ខុសពីការពិតថា ពួកគេបានរឹបអូសអាវុធទាំងនោះពី«បរិវេណអគារកាស៊ីណូថ្មដា»។
ក្រសួងថ្លែងថា អាវុធទាំងនោះគឺនៅក្នុងទីតាំង ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ច្រកផ្លូវ៥៦ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។
អ្នកនាំពាក្យថ្លែងថា៖ «ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បានបង្ហាញពីចេតនាទុច្ចរិត និងស្មោកគ្រោក មិនអាចប្រកែកបាន ផ្ទុយពីខ្លឹមសារដែលមានចែងក្នុងចំណុច៨ នៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ កម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានឯកភាពគ្នាថា ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មាន ក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាស អំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី»។
ក្រសួងបន្តថា ការរឹបអូសសព្វាវុធនៅក្នុងប៉ុស្តិ៍នគរបាលរបស់កម្ពុជា គឺជាសកម្មភាពឆក់ប្លន់ដែលបង្ហាញកាន់តែច្បាស់នូវការប្រើប្រាស់ច្បាប់ព្រៃរបស់រដ្ឋាភិបាល និងយោធាថៃមកឈ្លានពានទឹកដីកម្ពុជា ហើយភាគីថៃខ្លួនឯងត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់អន្តរជាតិ ដោយមិនអាចគេចវេសយករួចខ្លួនបានឡើយ៕

