លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសើរសាមគ្គីភាពរបស់ពលរដ្ឋខ្មែរក្នុងគ្រាលំបាកកើតចេញពីការឈ្លានមកលើអធិបតេយ្យរបស់កម្ពុជា និងស្នើឲ្យបន្តសាមគ្គីភាពនេះ ព្រមទាំងចូលរួមលុបបំបាត់ភាពអសកម្មទាំងឡាយនៅក្នុងសង្គម ជាពិសេសការឆបោកតាមអនឡាញ។
លោកថ្លែងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ចំពោះមុខនេះ យើងមានភាពចាំបាច់ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និង លុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ»។
លោកបន្តថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត។
លោកថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមបច្ចេកវិទ្យានេះ ត្រូវបានធ្វើឡើងទាំងក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦ និង រាជរដ្ឋាភិបាលអាណត្តិទី៧។ សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ ដើម្បី ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក។
លោកថ្លែងថា៖ «ហេតុដូច្នេះ ខ្ញុំពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ»៕

