ព្រះសីហនុៈ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធទៅនឹងការចាប់បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិក នៅក្នុងក្រុងព្រះសីហនុកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។
នគរបាលជាតិបានឱ្យដឹងនាថ្ងៃអង្គារទី១៣ ខែមករានេះថា កម្លាំងនគរបាលបានទទួលព័ត៌មានពីករណី បង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ចំនួន២ម៉ឺនដុល្លារ ទៅលើស្រ្តីជាជនជាតិវៀតណាមឈ្មោះ Do Thi My Duyen អាយុ២៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E02552510 ចេញពីចំណុច សណ្ឋាគារជៀវជូវ ស្ថិតក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ករណីនេះត្រូវបានបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន១ក្រុម។
ក្រោយពីទទួលបានព័ត៌មាននេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលព្រះសីហនុបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យ២នាក់។
នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង២០និង៤០នាទីយប់ កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះជនរងគ្រោះរូបនេះ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនបានចំនួន២នាក់ នៅត្រង់ចំណុចផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ Zhang Wei អាយុ៣៦ឆ្នាំ និងឈ្មោះ Wang Yu Zhuo អាយុ៣៣ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
កាលពីថ្ងៃទី៧ ខែមករានេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ និងសង្គ្រោះជនរងគ្រោះ ៩នាក់ ពាក់ព័ន្ធនឹងការចាប់បង្ខាំង និងជំរិតទារប្រាក់ ពីជនជាតិចិនដូចគ្នា ចំនួន៥ម៉ឺនដុល្លារ នៅក្នុងខេត្តត្បូងឃ្មុំផងដែរ៕

