ភ្នំពេញ៖ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្តការងារកំណត់ព្រំដែនលើដីជាក់ស្តែងជាមួយថៃ ទោះបីភាគីថៃបានស្នើពន្យារពេលកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាលើកទីពីរក៏ដោយ ដែលបង្ហាញឱ្យឃើញថា កម្ពុជាមិនទទួលយកការពន្យារពេលដោយហេតុផលនយោបាយមករារាំងដល់ការងារបច្ចេកទេសសំខាន់ៗពាក់ព័ន្ធនឹងអធិបតេយ្យភាពជាតិឡើយ។
ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃពុធនេះ អគ្គលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងថា ភាគីថៃបានស្នើពន្យារពេលកិច្ចប្រជុំពិសេស JBC ដែលកម្ពុជាស្នើរៀបចំនៅខេត្តសៀមរាប ក្នុងសប្តាហ៍ទី២ ឬទី៣ នៃខែមករា ឆ្នាំ២០២៦ ដោយលើកឡើងពីតម្រូវការបញ្ចប់នីតិវិធីផ្ទៃក្នុង ដើម្បីតែងតាំងសមាសភាពថ្មីនៃ JBC ភាគីថៃ បន្ទាប់ពីការបង្កើតគណៈរដ្ឋមន្ត្រីថ្មី ក្រោយការបោះឆ្នោតសកលនៅដើមខែកុម្ភៈខាងមុខ។
ទោះជាយ៉ាងនេះ កម្ពុជាមិនរង់ចាំការប្រជុំរបស់ថៃនោះឡើយ ដោយបានស្នើជាផ្លូវការឱ្យមានការបញ្ជូនក្រុមវាស់វែងចម្រុះ (JST) របស់ភាគីទាំងពីរ ចុះវាស់វែងលើដី ដើម្បីបន្តការងារ និងការបោះបង្គោលបណ្តោះអាសន្នកំណត់ព្រំដែនដែលបានព្រមព្រៀងរួចហើយ។
តាមសេចក្តីប្រកាសព័ត៌មាន កម្ពុជាបានផ្ញើលិខិតការទូតមួយទៅកាន់ភាគីថៃ កាលពីថ្ងៃទី១៣ ខែមករា ស្នើឱ្យក្រុមវាស់វែងចម្រុះ JST ទាំងពីរចាប់ផ្តើមការងារឡើងវិញនៅចន្លោះបង្គោលព្រំដែនលេខ ៤២–៤៧ និង ៥២–៥៩ នៅពេលសមស្របណាមួយចន្លោះថ្ងៃទី១៩ ដល់ ២៣ ខែមករា ដោយឱ្យក្រុមបច្ចេកទេសទាំងពីរទាក់ទងគ្នាដោយផ្ទាល់ ដើម្បីកំណត់ពេលវេលា និងទីតាំងជាក់លាក់។
អគ្គលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ថា៖ «ការចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តចុះធ្វើការលើដីជាក់ស្ដែងនេះ គឺធ្វើឡើងស្របតាមនីតិវិធី និងបែបបទការងារ (Technical Instruction) ដែលបានឯកភាពគ្នា និងស្របតាមខ្លឹមសារនៃកំណត់ហេតុនៃកិច្ចប្រជុំពិសេស JBC កម្ពុជា–ថៃ ដែលបានប្រព្រឹត្តនៅខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥»។
លើសពីនេះ កម្ពុជាក៏បានស្នើឱ្យក្រុមវាស់វែងចម្រុះ JST ទាំងពីរចុះទៅលើដីជាក់ស្ដែង ចន្លោះថ្ងៃទី២៦ ដល់ ៣០ ខែមករា ដើម្បីដាក់ជំនួសសសរព្រំដែនចំនួន ១៥ ដើម ទៅតាមទីតាំង និងលក្ខណៈបច្ចេកទេសដើម ដែលភាគីទាំងពីរបានឯកភាពរួចហើយ។
ការងារបោះបង្គោលព្រំដែនបណ្ដោះអាសន្នទាំងនេះ បានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានផ្អាកជាបណ្តោះអាសន្ននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារសង្គ្រាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានក៏បានយោងដល់សម្តីនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចារវីរាគុល ដែលបានថ្លែងកាលពីថ្ងៃទី៥ ខែមករា ថា ក្នុងអំឡុងពេលរដ្ឋាភិបាលចាំផ្ទះ កិច្ចប្រជុំ JBC មិនអាចប្រព្រឹត្តទៅបានទេ ព្រោះអាណត្តិប្រធាន JBC បានបញ្ចប់ជាមួយអាណត្តិរដ្ឋាភិបាល ប៉ុន្តែ «ក្រុមការងារថ្នាក់បច្ចេកទេសនៅតែបន្តបំពេញភារកិច្ចរបស់ខ្លួន»។
ក្នុងសេចក្តីថ្លែងការណ៍ដដែល កម្ពុជាបានបញ្ជាក់ឡើងវិញថា ខ្លួនបន្តការពារព្រំដែនអន្តរជាតិ កម្ពុជា–ថៃ ដោយប្រកាន់ជំហការពារខ្សែព្រំដែនបន្សល់ទុកពីគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្ដរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti possidetis juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង–សៀម ផែនទី និងឯកសារផ្លូវការទាំងឡាយ ដែលបានទទួលស្គាល់ដោយភាគីទាំងពីរ។
កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួន «មិនទទួលស្គាល់ការកែប្រែបន្ទាត់ព្រំដែនណាមួយ ដែលកើតឡើងដោយការប្រើប្រាស់កម្លាំង» ខណៈដែលបន្តបង្ហាញឆន្ទៈក្នុងការធ្វើការជាមួយភាគីថៃ ដើម្បីបន្តការងារវាស់វែង និងកំណត់ព្រំដែនឱ្យបានឆាប់រហ័ស ក្នុងគោលបំណងសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភ្នំពេញប៉ុស្តិ៍
អគ្គលេខាធិការដ្ឋានកិច្ចការព្រំដែនបានអំពាវនាវឱ្យប្រជាពលរដ្ឋដាក់ចិត្តទុកដាក់ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការកំណត់ព្រំដែន (ភាគីកម្ពុជា) ដែលបាននិងកំពុងបំពេញភារកិច្ចដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ ដោយតម្កល់ឧត្ដមប្រយោជន៍ជាតិជាធំ ជាពិសេសក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី៕

