លោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់ថា «ពេលវេលាជិតអស់ហើយ» ក្នុងការចរចាកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ស្របពេលដែលមានការបង្កើនកម្លាំងយោធាអាមេរិកជាបន្តបន្ទាប់នៅតំបន់ឈូងសមុទ្រ។
ប្រធានាធិបតីអាមេរិករូបនេះបានថ្លែងថា កងនាវាចរដ៏ធំមហិមា គឺ Armada កំពុងធ្វើដំណើរយ៉ាងលឿន ប្រកបដោយអនុភាពខ្លាំងក្លា ភាពស្វាហាប់ និងមានគោលបំណង ឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសលោកបានត្រៀមខ្លួនរួចរាល់ហើយ ដោយពួកគេបានដាក់ម្រាមដៃលើកៃកាំភ្លើង ដើម្បី ឆ្លើយតបភ្លាមៗ និងប្រកបដោយឥទ្ធិពល ចំពោះរាល់ការឈ្លានពានទាំងតាមផ្លូវគោក ឬផ្លូវទឹក។
អ៊ីរ៉ង់បានអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពសុទ្ធសាធ ហើយបានបដិសេធជាច្រើនលើកច្រើនសាចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលថា ខ្លួនកំពុងស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
ការព្រមានចុងក្រោយរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីការសន្យារបស់លោកថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើអន្តរាគមន៍ដើម្បីជួយអ្នកដែលពាក់ព័ន្ធនឹងការតវ៉ា ដែលរងការបង្ក្រាបដ៏ឃោរឃៅ និងមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសនេះកាលពីដើមខែមករានេះ។
បាតុកម្មបានចាប់ផ្ដើមបន្ទាប់ពីមានការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃរូបិយប័ណ្ណអ៊ីរ៉ង់ ប៉ុន្តែបានវិវត្តយ៉ាងឆាប់រហ័សទៅជាវិបត្តិនៃភាពស្របច្បាប់សម្រាប់ថ្នាក់ដឹកនាំបព្វជិតរបស់ប្រទេស។
លោក ត្រាំ បាននិយាយថា ជំនួយកំពុងធ្វើដំណើរមកដល់ហើយ ប៉ុន្តែបន្ទាប់មក លោកបានផ្លាស់ប្ដូរសម្តីថា វានឹងមកដល់នៅពេលក្រោយ ក្រោយពេលលោកទទួលបានដំណឹងពីប្រភពច្បាស់ការថា ការប្រហារជីវិតបាតុករត្រូវបានបញ្ឈប់។
ទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និយាយថា មានមនុស្សស្លាប់ជាង ៦.៣០០ នាក់ រួមទាំងបាតុករ ៥.៩២៥ នាក់ ចាប់តាំងពីភាពចលាចលបានចាប់ផ្ដើមនៅចុងខែធ្នូ។
HRANA និយាយថា ខ្លួនក៏កំពុងស៊ើបអង្កេតលើករណីស្លាប់ដែលបានរាយការណ៍ចំនួន ១៧.០០០ នាក់ផ្សេងទៀត ដែលភ្នាក់ងារនេះទទួលបាន ទោះបីជាមានការបិទអ៊ីនធឺណិតអស់រយៈពេលជិតបីសប្តាហ៍ក្តី។
ក្រុមមួយផ្សេងទៀត គឺអង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅប្រទេសន័រវែស បានព្រមានថា តួលេខអ្នកស្លាប់ចុងក្រោយអាចលើសពី ២៥.០០០ នាក់៕

