ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៥ នៅទូទាំងប្រទេសបានកើតឡើងចំនួន ២ ៣៤៥លើក ដែលថយចុះ៤៩៩លើក ស្មើនឹង១៨% ក្នុងនោះចំនួនអ្នកស្លាប់ក៏មានការថយចុះចំនួន៣%ផងដែរ ធៀបនឹងឆ្នាំ២០២៤។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុកការថយចុះទាំងនេះថា ជាផ្នែកមួយដ៏សំខាន់ នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមានចំនួនកាន់តែតិច។
អ្នកនាំពាក្យក្រសួងសាធារណការ លោកផន រឹមបានឱ្យដឹងនាថ្ងៃព្រហស្បតិ៍ ទី៨ ខែមករានេះថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៥បានកើនមានឡើងចំនួន ២ ៣៤៥លើក។ ចំនួនគ្រោះថ្នាក់នេះបានថយចុះចំនួន ៤៩៩លើក ស្មើនឹង ១៨% បើធៀបនឹងឆ្នាំ២០២៤ ដែលមានរហូតដល់ទៅ២ ៨៤៤លើក។
ក្នុងឆ្នាំ២០២៥នោះផងដែរ គ្រោះថ្នាក់បានសម្លាប់មនុស្សយ៉ាងហោចណាស់១ ៤៦៧នាក់ ដែលថយចំនួន៤២នាក់ ស្មើនឹង ៣% ខណៈដែលអ្នករបួសធ្ងន់ធ្ងរមាន១ ៨៦៩នាក់ ដែលថយចុះ៤០៤នាក់ ស្មើនឹង ១៨%។ ចំណែកឯអ្នករងរបួសស្រាលវិញ មានចំនួន១ ៣៤៤នាក់ លើ១ ៤៤៧នាក់ ថយចុះចំនួន ១០៣នាក់ ស្មើនឹង ៧%។លោកក៏បានឱ្យដឹងផងដែរថា អ្នកដែលមិនពាក់មួកសុវត្ថិភាព ក្នុងពេលមានគ្រោះថ្នាក់មានចំនួន ២ ០៦៨នាក់។ ចំនួននេះថយចុះចំនួន៤០៩នាក់ ស្មើនឹង ១៧% បើធៀបនឹងឆ្នាំ២០២៤ ដែលមាន២ ៤៧៧នាក់។
គ្រោះថ្នាក់ដោយសារតែកត្តាល្បឿន គឺនៅតែជាមូលហេតុឈានមុខគេដដែលនៅកម្ពុជា ក្នុងឆ្នាំ២០២៥ ដែលមានចំនួន១ ១៤៩ លើ១ ១៥៦លើក ដែលថយចុះ៧លើក ស្មើនឹង១%។ ក្រៅពីនេះ មានកត្តាមិនគោរពសិទ្ធិចំនួន៤៩១លើក ថយចុះ១៥៨លើក ស្មើនឹង ២៤%, បើកបរមិនប្រកាន់ស្តាំ២៥៨លើក ថយ ១០លើក ស្មើនឹង ៤%, បើកបរប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់១៥៤លើក ថយ ៦១លើក ស្មើនឹង ២៨%, បត់គ្រោះថ្នាក់១០១លើក ថយ ១២០លើក ស្មើនឹង ៥៤% និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង៨៥លើក ថយ ២០លើក ស្មើនឹង ១៩%ជាដើម។
លោកផន រឹមក៏បានអំពាវនាវដល់សាធារណជនសូមធ្វើដំណើរ និងបើកបរដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕


