តាកែវ/កំពង់ស្ពឺៈ ការតវ៉ារបស់កម្មករកម្មការិនីនៃរោងចក្រ ញូ ថាហ្គេត ហ្វ៊ូតវែរ (New Target Footwear (CAMBODIA) CO.,LTD) ដែលមានទីតាំងស្ថិតស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកស៊ុន មេសាបានឱ្យដឹងថា ក្រោយទទួលបានដំណឹងពីការតវ៉ារបស់បងប្អូនកម្មកររួចមក មន្ត្រីជំនាញនៃក្រសួងការងារបានចុះដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ជាមួយភាគីទាំង២។
លោកបានបញ្ជាក់ថា៖«ក្រោយការសម្របសម្រួលរបស់មន្ត្រីជំនាញភាគីទាំង២បានឯកភាពគ្នាបញ្ចប់បញ្ហាសព្វគ្រប់ត្រឹមល្ងាចថ្ងៃទី៨ ខែមករានេះ ដោយកម្មករយលព្រមវិលចូលបម្រើការងារវិញជាធម្មតានៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ»។
ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថាគឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិត។
កាលពីថ្ងៃពុធ ទី៧ ខែមករានេះ ក្រសួងការងារក៏បានដោះស្រាយបញ្ចប់សព្វគ្រប់យ៉ាងឆាប់រហ័ស ចំពោះការតវ៉ារបស់កម្មកររោងចក្រ យូ ជា ឆេង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺផងដែរ។
លោកមេសាបានឱ្យដឹងថា ក្រោយការពិភាក្សា និងសម្របសម្រួល ភាគីទាំងព២បានឯកភាពគ្នាស្រុះស្រួលចំនួន ១០ចំណុច។ ក្នុងនោះរួមមាន ការបញ្ឈប់ការប្រើប្រាស់ពាក្យមិនសមរម្យ និងជេរប្រមាថលើកម្មករ ការអនុញ្ញាតឱ្យកម្មករ ដែលមានជំងឺដែលមានវេជ្ជបញ្ជាអាចឈប់សម្រាក អនុវត្តការឈប់សម្រាកប្រចាំឆ្នាំ ដែលធ្វើឡើងទៅតាមវេនដើម្បីធានាខ្សែច្រវាក់ផលិតកម្ម និងការមិនគុំគួននឹងគ្នាជាដើម។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦នេះ បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ យូ ជា ឆេង ក៏បានចូលបម្រើការងារជាធម្មតាវិញហើយផងដែរ។
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា រាល់បញ្ហានានារបស់បងប្អូនកម្មករ-និយោជិត មិនថាតែក្នុងវិស័យកាត់ដេរ ឬវិស័យផ្សេងទៀតនោះទេ គឺក្រសួងការងារ តែងតែយកចិត្តទុកដាក់ដោះស្រាយដោយលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពដោយមិនព្រងើយកន្តើយនោះឡើយ។ បន្ថែមពីនេះ កម្មករនិយោជិតទាំងអស់អាចប្តឹង ឬ ផ្តល់ដំណឹងតាមរយៈលេខ Hotline «១២៨៦» ដើម្បីឱ្យមន្ត្រីជំនាញរបស់ក្រសួង ដោះស្រាយបញ្ហាជូនផងដែរ៕


