ទិដ្ឋភាពផ្ទៃទឹកបឹងយក្សឡោម ប្រែទៅជាល្អក់ នាព្រឹកថ្ងៃទី២៨ ខែមករានេះ!
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ទិដ្ឋភាពផ្ទៃទឹកបឹងយក្សឡោម ប្រែទៅជាល្អក់ នាព្រឹកថ្ងៃទី២៨ ខែមករានេះ!

 ខេត្ត​រតនគីរី​៖​ ទឹកនៅបឹងយក្សឡោមដែលធ្លាប់តែថ្លាឆ្វង់ដូចកញ្ចក់ បានប្រែទៅជាល្អក់ ចាប់តាំងពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ មកម្ល៉េះ។ 

យោងតាមការសន្និដ្ឋានបឋមពីមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តរតនគិរី ទឹកប្រែជាល្អក់នេះដោយសារបាតុភូតធម្មជាតិ ពោលមិនមែនបណ្តាលមកពីឈូសឆាយនៅក្បែរបឹងនោះទេ។ មន្រ្តីបញ្ជាក់ថាទៀត ទោះបីទឹកល្អក់ ប៉ុន្តែមិនបង្កឱ្យត្រីពុល ឬបង្កបញ្ហាសុខភាពដល់ពលរដ្ឋនៅតំបន់នោះឡើយ។ 

គួរជម្រាបជូនថា​ បើតាមលោក វេន ចឹ ជាអនុប្រធានគណៈកម្មាធិការទី១ របស់បឹងយក្សឡោម និងជាជនជាតិដើមភាគតិចទំពួន បានរៀបរាប់​ថា តាមការសង្កេតទឹកនៅក្នុងបឹងយក្សឡោម មានការប្រែពណ៌ក្នុងរយៈពេល ២ទៅ ៣ឆ្នាំម្តង ពោលទឹក​ប្រែពណ៌នៅអំឡុងឆ្នាំ ២០០៩ ឆ្នាំ ២០១១  ឆ្នាំ២០២៥ និង ឆ្នាំ ២០២៦។ លោកបានរំលឹកថា ជារឿយៗឥទ្ធិពលនៃទឹកល្អក់ពេលខ្លះ បង្កបញ្ហាបណ្តាលឱ្យកំពឹស និងត្រីងាប់ ប៉ុន្តែលើកនេះពុំឃើញមានត្រីងាប់ដូចលើកមុនៗនោះទេ។

យ៉ាងណាមិញ​ តាមជំនឿរបស់ជនជាតិដើមភាគតិច លោក វេន ចឹ បានពន្យល់ថា ទឹកប្រែជាល្អក់នេះមានន័យថាលោកតាម្ចាស់បឹង បានបញ្ជូនសារមកដាស់តឿនឱ្យកូនចៅ អ្នកស្រុក អ្នកភូមិ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ផ្សេងៗ។ លោករៀបរាប់ថា៖«ជាក់ស្តែងនៅពេលនោះកើតមានជម្ងឺកូវីដ១៩ និងជំងឺផ្សេងៗបណ្តាលពលរដ្ឋឆ្លងជំងឺ និងមានករណីស្លាប់ជាដើម កើតគ្រោះទុរភិក្ស ឬគ្រោះថ្នាក់ផ្សេង»។

គួរជម្រាបថា បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម៉្លេះ។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញជាម្លប់សម្រាប់កម្សាន្ត រីឯផៃ្ទទឹកមានពណ៏ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន។ រមណីយដ្ឋានបឹងយក្សឡោមមានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុងដែលបឹងនេះមានបរិមាត្រ ២ ៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ៕ដោយ​៖តារា​




Post a Comment (0)
Previous Post Next Post