ខេត្តពោធិ៍សាត់៖ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោង ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដែលទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក (WB) តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង បាននិងកំពុងអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Peng Sour Construction Co., Ltd ដែលគិតមកដល់ពេលនេះ លទ្ធផលការងារសាងសង់ជារួមសម្រេចបានប្រមាណ ៨០%។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលភាគីក្រុមហ៊ុនសម្រេចបាន និងបានណែនាំដល់ក្រុមហ៊ុនឱ្យបន្តបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើគុណភាពសំណង់ បទដ្ឋានបច្ចេកទេស និងជំរុញឱ្យបង្កើនល្បឿនក្នុងការអនុវត្តកិច្ចការបន្ថែមទៀត ព្រមទាំងសំណូមពរដល់មន្ទីរធនធានទឹក និងឧតុនិយម និងសហគមន៍កសិកម្មទំនើបឱ្យបន្តសហការ និងជួយសម្របសម្រួលក្នុងករណីចាំបាច់ណាមួយ ដើម្បីឱ្យការអនុវត្តគម្រោងសម្រេចបានជោគជ័យតាមផែនការកំណត់៕




