អតីតមន្ត្រីការទូតកម្ពុជាមួយរូបដែលធ្លាប់បម្រើការនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ជឿជាក់ថា ប្រទេសថៃកំពុងព្យាយាមលាក់បាំងការពិត រួមទាំងការហាមឃាត់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មិនឱ្យចូលក្នុងប្រទេសថៃផងដែរ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ក្នុងស្រុក BTV លោក ស៊ិន សារុន ដែលធ្លាប់បម្រើការនៅស្ថានទូតខ្មែរនៅប្រទេសថៃបានមានលើកឡើងថា ប្រទេសថៃបានបដិសេធមិនឱ្យសមាជិក AOT ចូលនោះទេ ខណៈដែលបច្ចុប្បន្ននេះ កងទ័ពថៃកំពុងកាន់កាប់តំបន់មួយចំនួនរបស់កម្ពុជា។
លោកបានថ្លែងថា៖ «នៅថ្ងៃទី២៥ ខែមករា អាជ្ញាធរថៃត្រូវបានគេរាយការណ៍ថា បានបដិសេធមិនផ្តល់ទិដ្ឋាការដល់សមាជិក AOT មួយចំនួន។ កាលពីមុន ពួកគេធ្លាប់បានអនុញ្ញាតឱ្យ AOT ចូលរយៈពេលបីខែ ប៉ុន្តែឥឡូវនេះត្រូវបានបិទទាំងស្រុង។ ប្រសិនបើនេះជារឿងពិតមែននោះ ប្រទេសថៃកំពុងបើកសង្គ្រាមមួយទៀតគឺប្រឆាំងនឹងការពិត»។
លោកអះអាងបែបនេះ ដោយសារលោកទទួលបានព័ត៌មាននេះពីប្រភពផ្ទៃក្នុងនៅទីក្រុងបាងកក។
សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ បានទទួលស្គាល់តួនាទីរបស់ AOT ថាជាផ្នែកមួយនៃយន្តការសម្រាប់ការអនុវត្ត និងការផ្ទៀងផ្ទាត់វិធានការបន្ធូរបន្ថយភាពតានតឹង។
ចំណុចទី១២ នៃសេចក្តីថ្លែងការណ៍នេះបានចែងថា៖ «ភាគីទាំងពីរទទួលស្គាល់តួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងយល់ព្រមពង្រឹងតួនាទីរបស់ AOT ដោយមានការពិគ្រោះយោបល់ជាមួយទាំងប្រធានអាស៊ាន និង AOT ក្នុងការផ្ទៀងផ្ទាត់ និងធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់វិធានការទាំងអស់ដែលមាននៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ»។
ស្រដៀងគ្នានេះដែរ ចំណុចទី១៣ បានចែងថា៖ «ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា ដើម្បីធានាថាបទឈប់បាញ់ត្រូវបានរក្សា គ្រប់គ្រងស្ថានការណ៍នៅនឹងកន្លែង ដោះស្រាយឧប្បត្តិហេតុនានាឱ្យបានទាន់ពេលវេលា និងទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT»។
ភ្នំពេញប៉ុស្តិ៍មិនអាចផ្ទៀងផ្ទាត់អំពីអះអាងលើការហាមឃាត់នេះទេ។ យ៉ាងណាក៏ដោយ មិនមានរបាយការណ៍ណាមួយនៅក្នុងបណ្តាញសារព័ត៌មានថៃ អំពីការសម្របសម្រួលរបស់អាជ្ញាធរថៃ ដើម្បីឱ្យក្រុម AOT ចុះទៅបំពេញទស្សនកិច្ចនៅតំបន់ព្រំដែន ជាពិសេសតំបន់ដែលកងទ័ពថៃបានចូលកាន់កាប់ទឹកដីកម្ពុជា និងបានវាយកម្ទេចសំណង់ជាច្រើន រួមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋផងដែរ។
សម្រាប់កម្ពុជា ក្រសួងការពារជាតិកម្ពុជាសម្របសម្រួលបេសកកម្មរបស់ក្រុម AOT ប្រមាណ ១០ លើក រួចហើយ ដោយក្រុម AOT បានចុះទៅកាន់បណ្តាខេត្តជាប់ព្រំដែន រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ដែលសុទ្ធជាខេត្តរងការវាយប្រហារឈ្លានពានយ៉ាងដំណំពីយោធាថៃ៕

