ក្រសួងទេសចរណ៍និងក្រសួងធម្មការនិងសាសនា រួមគ្នាលើកកម្ពស់ការទាក់ទាញទេសចរណ៍តាមរយៈ «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ទេសចរណ៍សាសនា» ដោយបានចុះអនុស្សរណៈយោគយល់គ្នាមួយនៅថ្ងៃទី២៧ ខែមករា។
ក្រសួងទេសចរណ៍ថ្លែងថា ការរួមគ្នាផ្សព្វផ្សាយទេសចរណ៍នេះ គឺជាសក្ខីភាពមួយដែលបានបង្ហាញអំពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទេសចរណ៍សាសនា។
អនុស្សរណៈនៃការយោគយល់គ្នាស្តីពីស្តីពី «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ទេសចរណ៍សាសនា» ត្រូវបានចុះហត្ថលេខាដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
អនុស្សរណៈនេះបង្ហាញអំពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលបំណងបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីសក្ដានុពលទេសចរណ៍សាសនានៅកម្ពុជា, បង្កើនការទាក់ទាញភ្ញៀវទេសចរតាមរយៈការបង្កើត និងធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍សាសនានៅកម្ពុជា។ នេះបើតាមក្រសួងទេសចរណ៍។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងមានការរៀបចំវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងមគ្គុទ្ទេសក៍សម្រាប់ទេសចរណ៍សាសនា និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដើម្បីគាំទ្រដល់ការរៀបចំជាផលិតផលទេសចរណ៍សាសនា។
លោក ហួត ហាក់ ថ្លែងថា៖ «ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានមូលដ្ឋានគ្រឹះដ៏រឹងមាំផ្អែកលើវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា។ សាសនា មិនត្រឹមតែជាគ្រឹះនៃជំនឿ និងសីលធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានស្នូលនៃការថែរក្សាសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម»។
លោកបន្តថា អនុស្សរណៈនៃការយោគយល់គ្នា គឺជាការបញ្ជាក់អំពីទស្សនវិស័យរួម ក្នុងការលើកកម្ពស់ទេសចរណ៍សាសនា និងទេសចរណ៍វប្បធម៌ ដោយការអភិវឌ្ឍវិស័យទេសចរណ៍ ត្រូវឈរលើគោលការណ៍ភាពធន់ និរន្តភាព បរិយាបន្ន និងត្រូវរក្សាអត្តសញ្ញាណវប្បធម៌ និងការគោរពនូវគុណតម្លៃរបស់សាសនាទាំងអស់។
លោកថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងធម្មការនឹងសាសនាអាចបំលែងមរតកសម្បត្តិវប្បធម៌ និងសាសនា ទៅជាថាមពលអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕


