ក្រសួងមហាផ្ទៃប្រកាសគាំទ្រការចូលរួមរបស់កម្ពុជាក្នុងក្រុមប្រឹក្សាសន្តិភាព ផ្ដើមគំនិតដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសចូលរួមកាលពីថ្ងៃទី២៧ ខែមករា។
នៅក្នុងសេចក្ដីប្រកាសព័ត៌ថ្ងៃទី២៧ មករា ក្រសួងមហាផ្ទៃថ្លែងថា៖ «ក្រសួងមហាផ្ទៃសូមគោរពគាំទ្រពេញទំហឹង និងមានក្តីមោទនយ៉ាងក្រៃលែងបំផុត ចំពោះការសម្រេចចិត្តប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យដ៏ច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមចូលរួមជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព (Board of Peace)»។
ក្រសួងបានលើកយកសម្ដីរបស់លោក ហ៊ុន ម៉ាណែត ថា៖ «សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ការកសាងនិងរក្សា សន្តិភាព គឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំង រក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះ ដោយសារសង្គ្រាម»។
ស្របពេលជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏ស្នើឲ្យប្រជាពលរដ្ឋ ត្រូវបន្តប្រកៀកស្មារួមគ្នាគាំទ្របេសកកម្មរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ តាមគោលការណ៍សន្តិវិធី និងច្បាប់អន្តរជាតិ។
ក្រសួងមហាផ្ទៃប្រកាសជាថ្មីថា៖ «កម្ពុជាប្រឆាំងតវ៉ាដាច់ខាត ចំពោះសកម្មភាពកងកម្លាំងប្រដាប់អាវុធ ថៃ ដែលក្រោយបទឈប់បាញ់ចូលជាធរមានរហូតដល់បច្ចុប្បន្ន បានបន្តធ្វើសកម្មភាពនាំឱ្យប៉ះពាល់កិច្ចខិតខំ ប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹង ជាពិសេសការចូលកាន់កាប់ដោយខុសច្បាប់ ការបំផ្លិចបំផ្លាញផ្ទះសំបែង ការលួចទ្រព្យសម្បត្តិ និងរារាំងជនស៊ីវិលមិនឱ្យត្រឡប់ទៅលំនៅឋានវិញ»។
ក្រសួងថា សកម្មភាពទាំងនេះ ជាការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិ នយោបាយ (ICCPR) អនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព (CRPD) អនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។
ក្រសួងលើកឡើងថា ការហាមឃាត់ ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី របស់រដ្ឋណាមួយ គឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ ស្របតាមមាត្រា២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ មានតែការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកាតព្វកិច្ចផ្លូវច្បាប់ដែលរដ្ឋសមាជិកត្រូវអនុវត្ត ជាពិសេសការដោះស្រាយជម្លោះ តាមរយៈតុលាការ យុត្តិធម៌អន្តរជាតិ ដែលជាយន្តការអាចទុកចិត្តបាន និងធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់រដ្ឋសមាជិក។
ក្រសួងមហាផ្ទៃ ក៏អំពាវនាវជនរួមជាតិបន្តស្មារតីរួបរួមសាមគ្គី ជាធ្លុងមួយ ដោយឈរលើព្រលឹងជាតិខ្មែរតែមួយ៕

