វិស័យទេសចរណ៍អន្តរជាតិត្រូវបានប៉ាន់ប្រមាណថារកចំណូលបាន ៣,៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដោយកើនឡើង ៣% បើធៀបនឹងឆ្នាំ២០២៤ ខណៈភ្ញៀវអន្តរជាតិដែលធ្វើដំណើរមកកម្ពុជាមានចំនួនជិត ៥,៦លាននាក់។
របាយការណ៍ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា(NBC) បង្ហាញថា វិស័យទេសចរណ៍កម្ពុជាបានបន្តងើបឡើងវិញនាឆមាសទី១ ឆ្នាំ២០២៥ ដែលគាំទ្រដោយការធ្វើពិពិធកម្មទិសដៅទេសចរណ៍ និងការបង្កើនការតភ្ជាប់ជើងហោះហើរត្រង់។ ទោះជាយ៉ាងណា ចាប់ពីដើមឆមាសទី២ ឆ្នាំ២០២៥ ការផ្ទុះអាវុធកម្ពុជា-ថៃទាំងពីរលើក និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងតំបន់ បានធ្វើឱ្យវិស័យទេសចរណ៍ទទួលរងផលប៉ះពាល់ដែលធ្វើឱ្យកំណើនក្នុងវិស័យនេះថមថយមកត្រឹម ៥,១% (១៣,២% នាឆ្នាំ២០២៤)។ សម្រាប់ភ្ញៀវអន្តរជាតិដែលចូលមកកម្ពុជាក្នុងឆ្នាំ២០២៥ គឺមានសរុបជិត ៥,៦ លាននាក់ ធ្លាក់ចុះ ១៦,៩% បើធៀបឆ្នាំ២០២៤ ដែលមាន ៦,៧ លាននាក់។
របាយការណ៍បានលើកឡើងថា៖«ចំណូលទេសចរណ៍អន្តរជាតិសរុបត្រូវបានប៉ាន់ស្មានថាទទួលបានប្រមាណ ៣,៧ ប៊ី(ពាន់)លានដុល្លារ ដែលកើនឡើង ៣% បើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន(២០២៤) ខណៈដែលចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរថយចុះ ៦,៥% មកនៅត្រឹម ៤៤,៧ លានដុល្លារអាមេរិក»។
កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុប ៦,៧ លាននាក់ ដោយបាននាំចំណូល ៣ ៦៣៧ លានដុល្លារ កើនឡើង ១៨% បើធៀបនឹងឆ្នាំ២០២៣។ នេះបើតាមក្រសួងទេសចរណ៍។
របាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) ឱ្យដឹងថា ក្នុងឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ (អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ) ទទួលបានជើងហោះហើរចេញ-ចូល(ទ្វេទិស)ចំនួន ៦៤ ៨២១ ជើង កើនឡើង ១១% បើធៀបនឹងឆ្នាំ២០២៤។ ជាមួយគ្នានេះចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូល(ទ្វេទិស)មានចំនួនសរុប ៦ ៩៨៨ ២៥៩ នាក់ កើនឡើង ១១%។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បរិយាកាសនយោបាយក្នុងស្រុក ការកសាង និងអភិវឌ្ឍន៍អាកាសយានដ្ឋាន ភាពរស់រាយរាក់ទាក់របស់ប្រជាជនខ្មែរ និងតំបន់ទេសចរណ៍ដ៏សម្បូរបែប គឺជាមេដែកដែលកំពុងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន។
លោកស្រីបន្តថា កំណើនអ្នកដំណើរតាមផ្លូវអាកាស គឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ដោយលោកស្រីចង់ឱ្យមានការតភ្ជាប់ជើងហោះហើរច្រើនបន្ថែមទៀតដើម្បីបើកចំហរជើងមេឃរបស់កម្ពុជាកាន់តែទូលំទូលាយទៅកាន់ពិភពលោក។ អ្នកស្រីបន្តថា ការដឹកជញ្ជូនតាមផ្លូវអាកាសដើរតួនាទីយ៉ាងសំខាន់គឺមិនត្រឹមតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់វិស័យសេដ្ឋកិច្ចផងដែរ។
លោកស្រីនិយាយថា៖«សម្រាប់វិស័យទេសចរណ៍កម្ពុជា យើងចង់បានការហោះត្រង់ចូលមកប្រទេសកម្ពុជាឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីយើងទាក់ទាញភ្ញៀវទេសចរណ៍ពីគ្រប់ទិសទី»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ ក្នុងពិធីសំណេះសំណាលជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) កាលពីថ្ងៃទី១៦ ខែមករា បានជំរុញឱ្យអ្នកនៅក្នុងវិស័យទេសចរណ៍កម្ពុជាទាំងអស់ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន និងស្ថាប័នឱ្យកាន់តែមានទម្ងន់ខ្លាំងក្នុងកម្រិតតំបន់ និងពិភពលោក។ បន្ថែមពីលើនេះក៏ត្រូវយកចិត្តទុកដាក់ និងចូលរួមលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត។
ដើម្បីស្រូវទាញភ្ញៀវទេសចរចិនឱ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើន រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន (PRC) ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ នៅដំណាក់កាលអនុវត្តសាកល្បងនៅឆ្នាំ២០២៦

