ឡាវ​អនុញ្ញាត​ឲ្យ​ផលិតផលកសិកម្ម​​កម្ពុជា​ឆ្លង​កាត់​ឆ្ពោះទៅកាន់​ប្រទេស​ចិន).
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ឡាវ​អនុញ្ញាត​ឲ្យ​ផលិតផលកសិកម្ម​​កម្ពុជា​ឆ្លង​កាត់​ឆ្ពោះទៅកាន់​ប្រទេស​ចិន).

 អ្នកជំនាញ​​សេដ្ឋកិច្ចបានអះអាង​ថា ​​កិច្ច​ព្រម​ព្រៀងស្តីពី​«ការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ»​​ដែល​ភាគី​​កម្ពុជា​បាន​ចុះ​​ហត្ថលេខា​ជាមួយ​ភាគី​​ឡាវ​នឹងចូល​រួម​ចំណែក​យ៉ាង​ច្រើនក្នុង​ការ​បង្កើន​សក្តានុពល​នាំ​ចេញ​កសិផល​​​កម្ពុជា​ទៅ​កាន់ទីផ្សារ​ប្រទេស​ចិន ហើយ​ក៏​នឹង​​ជួយ​កាត់​​បន្ថយ​ឱន​ភាព​​ជញ្ជីង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន ផងដែរ។​​​


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ​ឆ្នាំ​២០២៦ បាន​ចុះហត្ថលេខា​លើ​​កិច្ច​ព្រម​ព្រៀង​​​​​ស្តីពី«ការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ»។ កិច្ចព្រមព្រៀងនេះ​នឹងបើកច្រកដឹកជញ្ជូនថ្មីមួយទៀតសម្រាប់​ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិនដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់​បន្ថយពេលវេលា និងថ្លៃដើមដឹកជញ្ជូន ព្រមទាំងពង្រីកឱកាសទីផ្សារ និងលើកកម្ពស់សមត្ថភាព​ប្រកួតប្រជែងនៃវិស័យកសិកម្មនៅ​កម្ពុជា។


ក្រសួង​កសិកម្ម បាន​ឱ្យ​ដឹង​ថា កិច្ចព្រមព្រៀងនេះ​មាន​វិសាលភាពលើ​សកម្ម​ភាព​នៃការដឹកជញ្ជូន និងគ្របដណ្តប់លើបន្លែ និងដំណាំទាំងស្រស់ និងស្ងួត ដែលមាន​ដូចជា ចេក ទុរេន មៀន អង្ករ ស្វាយ ម្សៅដំឡូងមី និងផលិតផលកសិកម្មសក្តានុពលផ្សេង​ទៀតដែលភាគី​ទាំងពីរនឹងឯកភាពគ្នានាពេលអនាគត។ រាល់​ប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់នេះនឹងត្រូវអនុវត្តដោយអនុ​លោមតាម​បទប្បញ្ញត្តិអនាម័យ និងភូតគាមអនាម័យ (SPS), ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ប្រទេស​ឡាវ និង​​ស្តង់ដាអន្តរជាតិពាក់ព័ន្ធ រួមទាំងស្តង់ដានៃអនុសញ្ញាការពារដំណាំអន្តរជាតិ​(IPPC)។


ក្រសួង​បាន​ឱ្យ​ដឹង​ទៀត​ថា ជាជំហានបន្ទាប់​មន្ត្រីជំនាញបច្ចេកទេសនៃក្រសួងទាំងពីរ នឹងបន្តធ្វើការពិគ្រោះយោបល់ដើម្បីកំណត់​ច្រកព្រំដែនជាក់លាក់ ខ្សែផ្លូវដឹកជញ្ជូន ទីតាំងផ្ទេរទំនិញ និងកំណត់នីតិវិធីដើម្បីឈានទៅអនុវត្តកិច្ចព្រមព្រៀងនេះ​ឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។


ក្រសួង​បញ្ជាក់​ថា៖​«​កិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងវិស័យកសិកម្មកម្ពុជា និងឡាវ ក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់។ ភាគីទាំងពីរក៏បានបង្ហាញពីឆន្ទៈក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការ​លើវិស័យ​សក្តានុពលផ្សេងទៀតនាពេលអនាគត ជាពិសេសការវិនិយោគរ៉ែដើម្បីផលិតជីកសិកម្ម និងការគ្រប់គ្រង​វិស័យព្រៃឈើ»។


រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​ថ្លែង​ក្នុង​ពិធី​ចុះកិច្ច​ព្រម​ព្រៀង​ខាង​លើ​ថា៖​«​យន្តការ​ថ្មី​នេះនឹង​ជួយបង្កើនសមត្ថភាពប្រកួតប្រជែងនៃការនាំចេញកសិផលកម្ពុជាទៅកាន់​ទីផ្សារប្រទេសចិន តាមរយៈការកាត់បន្ថយ​ឧបសគ្គនៃការដឹកជញ្ជូនតាមផ្លូវគោក សន្សំពេលវេលា បន្ថយចំណាយ ជាពិសេសពង្រីកឱកាសសម្រាប់កសិពាណិជ្ជកម្មនៃកសិផលមួយចំនួន​ដូចជាអង្ករ ដំឡូងមី ផ្លែឈើ បន្លែ និងកសិផលកែច្នៃដទៃទៀត»។


អនុប្រធាន​សមាគមពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ បាន​ចាត់​ទុក​កិច្ច​ព្រមព្រៀង​ខាងលើ គឺ​ជា​ចំណែក​សំខាន់​​នៃ​ការ​បង្កើន​សក្តានុពល​​នាំ​ចេញ​ផលិតផលកសិកម្ម​​កម្ពុជា​ទៅ​​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​បណ្តា​ខេត្តនៅ​ជាប់​ព្រំដែន​រវាង​ប្រទេស​ឡាវ-ចិន។​ លោក​បន្ត​ថា ​​កិច្ច​ព្រម​ព្រៀង​នេះនឹង​ជួយ​ឱ្យ​ផលិតផល​កសិកម្ម​កម្ពុជា​មាន​វត្តមាន​នៅ​ទីផ្សារ​ប្រទេស​ចិន​កាន់​តែ​ច្រើន ព្រោះការ​ដឹក​ជញ្ជូន​មាន​ភាព​​ឆាប់​រហ័យ ​ងាយ​ស្រួល និង​តម្លៃទាប​ជាង​មុន។


លោក​ប្រាប់​ទៀត​ថា នៅ​ពេល​កម្ពុជា​អាច​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ចិន​កាន់​តែ​ច្រើន វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​ឱនភាព​ជញ្ជីង​ពាណិជ្ជ​កម្ម​ទ្វេភាគី​ផងដែរ​។​​


លោក​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៧ ខែ​មករា​ថា៖​«​ជា​រួម​ប្រសិន​បើ​កម្ពុជា​អាច​នាំ​ចេញ​ផលិតផល​សម្រេច​​ទៅ​ទីផ្សារ​ប្រទេស​ចិន​កាន់​តែ​ច្រើន គឺ​ឱនភាព​​ជញ្ជីង​ពាណិជ្ជកម្ម​នឹង​ត្រូវ​បាន​កាត់​បន្ថយជាបណ្តើរៗ»។​ លោក​​បន្ត​ថា៖​«​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឱ្យ​កសិករ និង​អ្នក​នាំ​ចេញ​ទាំង​អស់​ត្រូវ​ខិតខំ​រួមគ្នាក្នុង​​កាត់​​បន្ថយ​ការ​នាំ​ចេញ​កសិផល​​ឆៅ ឬ​មិន​ទាន់​កែច្នៃ ដោយ​ជំនួស​មក​វិញ​នូវ​ការ​​នាំ​ចេញ​ផលិតផល​សម្រេច​ឱ្យ​បាន​កាន់​តែ​ច្រើន»។


ទិន្នន័យ​​​​​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យ​ដឹង​ថា ​​ពាណិជ្ជកម្ម​ទ្វេភាគីកម្ពុជា​-ចិន​ ក្នុង​ឆ្នាំ​២០២៥ មាន​ទឹកប្រាក់​សរុប ១៩,៧៣ ពាន់លាន​ដុល្លារ កើន​ឡើង ២៩,៩% ធៀប​ឆ្នាំ​២០២៤។ ក្នុង​នោះ​​កម្ពុជា​នាំ​ទៅ​ចិន ១,៦៩ ពាន់លាន​ដុល្លារ ថយចុះ ៣,៦% និង​ទំនិញ​ចិន​នាំ​ចូល ១៨,០៤ ពាន់លានដុល្លារ កើនឡើង​ ៣៤,៣%។​


ផ្អែក​តាម​ទិន្នន័យខាងលើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥ ​មាន​ឱនភាព​ប្រមាណ ១៦,៣៦ ពាន់​លាន​ដុល្លារ កើន​ពី ១១,៦៩ ពាន់​លាន​ដុល្លារកាល​ពី​ឆ្នាំ​២០២៤ និង​ ៩,៣១ ពាន់លាន​ដុល្លារ ក្នុង​​ឆ្នាំ​​២០២៣៕​


Post a Comment (0)
Previous Post Next Post