កោះកុងៈ ក្រសួងបរិស្ថានបានសម្រេចឱ្យទីតាំងអាជីវកម្មខ្សាច់១កន្លែង ក្នុងស្រុកស្រែអំបិល ខេត្តកោះកុងធ្វើការផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន ដោយសារតែសកម្មភាពនេះអាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម ជាពិសេសតំបន់ដែនជម្រកសត្វអណ្តើកហ្លួង ដែលជាប្រភេទសត្វជិតផុតពូជបំផុត។
ក្រសួងបរិស្ថានបានឱ្យដឹងនាថ្ងៃអង្គារ ទី២៧ ខែមករានេះថា ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយ លោក ចាប យុធី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងមានការចូលរួមពី អាជ្ញាធរឃុំដងពែង និងប្រជាសហគមន៍មូលដ្ឋាន បានចុះពិនិត្យទីតាំងផ្ទាល់កាលពីពេលថ្មីៗនេះ។ ក្រុមការងារបានរកឃើញថា ទីតាំងអាជីវកម្មខ្សាច់បកមួយកន្លែង នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល អាចបង្កហានិភ័យ ដល់ធនធានធម្មជាតិនៃស្ទឹងព្រែកកំពង់សោម។ អាជីវកម្មនេះ បានដំណើរការ ដោយមានក្រុមហ៊ុនចំនួន២ លើដីទំហំ ចំនួនជិត ២ហិកតា។
ក្រសួងបញ្ជាក់ថា៖«យោងតាមស្ថានភាពភូមិសាស្រ្តជាក់ស្តែង ក្រុមការងារបានចុះទៅពិនិត្យផ្ទាល់ទីតាំង ការដ្ឋានអាជីវកម្មខ្សាច់បក គឺស្ថិតនៅក្បែរមាត់ស្ទឹងព្រែកកំពង់សោម និងតំបន់ដែនជម្រកសត្វអណ្តើកហ្លួងផងដែរ»។
សត្វអណ្តើកហ្លួងដែលជាប្រភេទសត្វជិតផុតពូជបំផុតត្រូវបានក្រុមអភិរក្សលែងចូលជម្រកធម្មជាតិក្នុងប្រព័ន្ធព្រែកស្រែអំបិល ក្នុងស្រុកស្រែអំបិលនាពេលកន្លងមក។ រូបថត គម្រោងUSAID Conserve
ក្រសួងបរិស្ថាន បានសម្រេចការអនុវត្តនូវវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ធានាភាពស្អាតនៅក្នុងទឹក ដោយតម្រូវឱ្យផ្អាកអាជីវកម្មខ្សាច់ជាបណ្តោះអាសន្ន ចាប់ពីពេលនេះទៅ រហូតដល់មានការសម្រេចជាថ្មី របស់អង្គភាពជំនាញពាក់ព័ន្ធ។ ម្ចាស់អាជីវកម្មត្រូវឱ្យរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យបានរួចរាល់ជាមុន ទើបអាចធ្វើអាជីវកម្មបន្តបាន។
អណ្តើកហ្លួង ដែលជាប្រភេទសត្វជិតផុតពូជបំផុតកំពុងតែប្រឈមមុខនឹងការគំរាមកំហែងជាច្រើនចំពោះការរស់រានមានជីវិតរបស់ពួកវា។ ការបូមខ្សាច់ គឺជាការគំរាមកំហែងចម្បងមួយ បន្ទាប់ពីការនេសាទខុសច្បាប់ និងការបាត់បង់ទីជម្រក។ នេះបើយោងតាមគម្រោងUSAID Conserve។
រដ្ឋបាលជលផល ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំប្រទេសកម្ពុជា USAID អភិរក្ស និងអង្គការសមាគមអភិរក្សសត្វព្រៃ បានប្រលែងអណ្តើកហ្លួងជាច្រើនក្បាលចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិលនោះ។ ចាប់តាំងពីឆ្នាំ ២០១៥ មក អណ្តើកហ្លួងជិត២០០ក្បាលត្រូវបានប្រលែងទៅក្នុងធម្មជាតិវិញ តាមរយៈកម្មវិធីការពារអណ្តើករបស់អង្គការសមាគមអភិរក្សសត្វព្រៃ និងកម្មវិធីបង្កាត់ពូជអណ្តើកហ្លួងនៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង។
អណ្តើកហ្លួង ត្រូវបានប្រកាសថាជាសត្វល្មូនតំណាងជាតិរបស់កម្ពុជាក្នុងឆ្នាំ ២០០៥។ អណ្តើកហ្លួងត្រូវបានប្រទះឃើញមានវត្តមានតែនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីតែប៉ុណ្ណោះ៕




