កិច្ចប្រជុំគណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​ RBC កម្ពុជា​–​ថៃ ចាប់ផ្តើម​នៅ​ច្រក​ប៉ោយប៉ែត ​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កិច្ចប្រជុំគណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​ RBC កម្ពុជា​–​ថៃ ចាប់ផ្តើម​នៅ​ច្រក​ប៉ោយប៉ែត ​

 បន្ទាយមានជ័យ៖ កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា​–​ថៃ (RBC) បានចាប់ផ្តើម​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៦ នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់នឹង​ខេត្ត​ស្រះកែវ ប្រទេស​​ថៃ​។​


​យោងតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ​ បាន​ឱ្យដឹងក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​ កិច្ចប្រជុំ​នេះ​ធ្វើឡើង​រវាង​យោធភូមិភាគ​ទី​៥ ភាគី​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​១ ភាគី​ថៃ​។ 


លោកស្រីបានថ្លែងថា​៖ «​គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ទោ សរ គឹម​ប៉ាក់ ប្រធាន​ក្រុម​លេខាធិការដ្ឋាន RBC កម្ពុជា ខណៈ​គណៈប្រតិភូ​ថៃ ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ទោ ភិ​ថា​យ៉ា​គូ​ល ពោធិ៍​សុវណ្ណ ប្រធាន​ក្រុម​លេខាធិការដ្ឋាន RBC ថៃ»​។​


​ក្នុង​កិច្ចប្រជុំ ភាគី​ទាំង​ពីរបាន​ពិភាក្សា​លើ​ខ្លឹមសារ​សំខាន់ៗ និង​ផ្លាស់ប្តូរ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា​–​ថៃ (RBC) ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៦ ខាងមុខ​។​


​ក្រសួងការពារជាតិ​បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដោយ​ផ្អែកលើ​ស្មារតី​នៃ​សេចក្តីប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​កម្ពុជា និង​ថៃ កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​ជំរុញ​ការអនុវត្ត​សេចក្តីប្រកាស​រួម​ឱ្យបាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​កសាង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក សំដៅលើ​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន និង​ការវិលត្រឡប់​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។​


​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ថែមថា កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន RBC នេះ នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៦ ក្រោម​ការសង្កេត​ការណ៍​របស់​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ពី​ភាគី​កម្ពុជា និង​ថៃ​ផងដែរ​៕ 


Post a Comment (0)
Previous Post Next Post