ស្លាប់ ១៥នាក់ និងបាត់ខ្លួន ២៨នាក់ ក្នុងហេតុការណ៍លិចសាឡាងនៅភាគខាងត្បូងហ្វីលីពីនសាឡាងមួយគ្រឿងដែលមានផ្ទុកមនុស្សជាង ៣៥០នាក់ បានលិចនៅព្រឹកថ្ងៃចន្ទ ទី២៦ មករានេះ នៅភាគខាងត្បូងប្រទេសហ្វីលីពីន ដោយបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងតិច ១៥នាក់ និង ២៨នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើតាមឆ្មាំសមុទ្រហ្វីលីពីនប្រាប់អ្នកសារព័ត៌មាន។ ឆ្មាំសមុទ្របានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាឡាងឈ្មោះ MV Trisha Kerstin 3 បានបញ្ជូនសញ្ញាអាសន្ននៅម៉ោងប្រហែល ១:៥០ រំលងអាធ្រាត្រ ដែលមានរយៈពេលជាង ៤ម៉ោង បន្ទាប់ពីវាបានចាកចេញពីកំពង់ផែទីក្រុង Zamboanga (សំបូអាងហ្គា) នៅភាគនិរតីនៃកោះ Mindanao (មីនដាណាវ)។ លោក Romel Dua មេបញ្ជាការឆ្មាំសមុទ្របានប្រាប់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិថា មនុស្សយ៉ាងហោចណាស់ ៣១៦នាក់ត្រូវបានជួយសង្គ្រោះគិតមកទល់ពេលនេះ ដោយមានអ្នកស្លាប់ ១៥នាក់ និង ២៨នាក់ទៀតនៅមិនទាន់រកឃើញនៅឡើយ។ លោក Dua ដែលប្រចាំការនៅភាគខាងត្បូងកោះ Mindanao បានប្រាប់ AFP ថា៖ «យន្តហោះរបស់ឆ្មាំសមុទ្រក៏កំពុងធ្វើដំណើរទៅជួយប្រតិបត្តិការនេះផងដែរ។ កងទ័ពជើងទឹក និងកងទ័ពជើងអាកាស ក៏បានបញ្ជូនកងកម្លាំង និងមធ្យោបាយរបស់ពួកគេទៅជួយដែរ»។ សាឡាងនេះបានលិចនៅចម្ងាយប្រហែល ៥គីឡូម៉ែត្រភាគខាងកើតកោះ Baluk-Baluk ដែលជាផ្នែកមួយនៃប្រជុំកោះក្នុងខេត្ត Basilan នៅឯឧបទ្វីប Zamboanga។ អ្នកជួយសង្គ្រោះបន្ទាន់នៅខេត្ត Basilan គឺអ្នកស្រី Ronalyn Perez បានប្រាប់ទីភ្នាក់ងារ AFP ថា ក្រុមអ្នកជួយសង្គ្រោះកំពុងជួបការលំបាកក្នុងការសង្គ្រោះដោយសារតែជនរងគ្រោះរស់រានមានជីវិតបានមកដល់ភ្លាមៗក្នុងចំនួនដ៏ច្រើន។ អ្នកស្រី Perez បាននិយាយថា៖ «បញ្ហាប្រឈមពិតប្រាកដគឺចំនួនអ្នកជំងឺដែលកំពុងចូលមក។ យើងកំពុងខ្វះខាតបុគ្គលិកនៅពេលនេះ»។ អ្នកស្រីបន្ថែមថា យ៉ាងហោចណាស់មាន ១៨នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់មួយ។ អ្នកស្រីបន្ថែមថា៖ «សាឡាងនេះកំពុងធ្វើដំណើរពីទីក្រុង Zamboanga ទៅកាន់កោះ Jolo នៅពេលដែលឧបទ្ទវហេតុនេះបានកើតឡើង»៕ CAN
ដោយកម្ពុជាថ្ងៃថ្មី
-
0
