រដ្ឋបាលខេត្តស្វាយរៀងប្រកាសចាត់វិធានការបង្រ្កាបដោយមិនលើកលែង ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) រហូតដល់សកម្មភាពភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះត្រូវបានបោសសម្អាត ទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
នៅក្នុងលិខិតជូនដំណឹងផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករានេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានប្រាប់ដល់ម្ចាស់កាស៊ីណូ ស្របច្បាប់ ម្ចាស់អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀងទាំងអស់ជ្រាបថា រដ្ឋបាលខេត្តកំពុងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាដ៏ម៉ឺងម៉ាត់។
លោកថ្លែអថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ស្នើសុំកិច្ចសហការប្រកបដោយភាពស្មោះត្រង់ ពីម្ចាស់កាស៊ីណូ អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ត្រូវចូលរួមសហការផ្តល់ព័ត៌មានករណី សង្ស័យខាងលើ មកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឱ្យបានឆាប់រហ័ស ។
លោក ប៉េង ពោធិ៍សា ថ្លែងថា៖ «មិនត្រូវទទួលឱ្យស្នាក់នៅចំពោះជនបរទេស ដែលគ្មានឯកសារច្បាស់លាស់ ឬក្រុមជនសង្ស័យ ថាពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរត់គេចពីតំបន់ផ្សេងៗ ឬ អាគារណាមួយដែលនៅជិតៗនោះ»។
លោកប្រាប់ដល់ម្ចាស់ផ្ទះជួល ឲ្យបញ្ឈប់ការជួលផ្ទះឲ្យ ជន ឬក្រុមដែលជាមុខសញ្ញានៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងគ្រប់រូបភាពជាបន្ទាន់។
លោកបន្តថា៖ «ក្នុងករណីមានការលួចលាក់ ផ្តល់ព័ត៌មានមិនពិត ឬភូតកុហកបិទបាំងក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ ដោយគ្មានការលើកលែង ទៅលើម្ចាស់ទីតាំងល្មើស»។
លោកក៏ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សហការផ្តល់ព័ត៌មានពីករណីសង្ស័យ ដើម្បីឲ្យការបោសសម្អាតមានប្រសិទ្ធភាពខ្ពស់។
កាលពីថ្ងៃទី៥ មករា លោកនាយករដ្ឋមន្ត្រីបានដាក់ចេញបទបញ្ជាឲ្យបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ដោយប្រពានវិធានការការផ្លូវច្បាប់ ចំពោះម្ចាស់ផ្ទះជួល ដែលផ្ដល់សេវានេះទៅក្រុមជនឆបោកតាមអនឡាញ៕

