នៅក្នុងឆ្នាំ ២០២៥ សំណុំរឿងមានតម្រុយសង្ស័យថា «អាចមានភាពមិនប្រក្រតី» មានចំនួន ៥៣ ករណី ក្នុងនោះ ត្រូវបានចាត់ឱ្យមានការចុះធ្វើអធិការកិច្ច ចំនួន ៣៦ ករណី។ ចំណែក ៧ ករណី ភាគីពាក់ព័ន្ធអាចស្នើសុំឱ្យមានការជំនុំជម្រះសាជាថ្មី។
បន្ថែមពីលើនេះ សំណុំរឿងចំនួន ៧ ត្រូវបានចេញអធិបញ្ជាឱ្យចោទប្រកាន់ ហើយសំណុំរឿង ៣ ត្រូវបានផ្ទេរសមត្ថកិច្ច។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមករា អំពីលទ្ធផលនៃយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលដឹកនាំដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តធម៌។
សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «ក្នុងចំណោមករណីដែលបានចុះអធិការកិច្ចទាំង ៣៦ ករណី, បានរកឃើញមានភាពមិនប្រក្រតី ហើយបានបញ្ជូនទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចំនួន ២៧ ករណី ដែលក្នុងនោះ មានពាក់ព័ន្ធនឹងចៅក្រម ចំនួន ៤៤ រូប និងព្រះរាជអាជ្ញា ចំនួន ១៧ រូប»។
សំណុំរឿងទាំង ៣៦នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលនៅក្នុងឆ្នាំ២០២៥ មានពាក្យបណ្ដឹងដែលត្រូវចាត់ការមានចំនួន ១ ០៨៧ ករណី។ ក្នុងចំណោមសំណុំរឿងទាំង ១០៨៧ មានចំនួន ៨៦៧ ករណី ត្រូវបានដោះស្រាយរួច។ ចំណែកសំណុំរឿងចំនួន ៨១៤ ករណី ត្រូវបានរកឃើញថាពុំមានភាពមិនប្រក្រតី។
យ៉ាងណាក៏ដោយ សំណុំរឿងទាំងនេះ ស្ថិតនៅក្នុងចំណោមសំណុំរឿងទូទៅនៅទូទាំងប្រទេស ដែលមានចំនួន ២១៤ ៦៨៧ ករណី។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ក្នុងចំណោមសំណុំរឿងសរុបនៅទូទាំងប្រទេស សំណុំរឿងដែលត្រូវបានរកឃើញតម្រុយសង្ស័យថាអាចមានភាពមិនប្រក្រតីមានចំនួនត្រឹមតែ ៥៣ ករណី គឺស្មើនឹង ០,០២% នៃសំណុំរឿងសរុបទូទាំងប្រទេសប៉ុណ្ណោះ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំង និងបញ្ជាក់ យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់តុលាការលើការពង្រឹងគុណភាពនៃការសម្រេចសេចក្ដីរបស់ខ្លួន»៕ភ្នំពេញប៉ុស្តិ៍

