អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប «ផ្ទះអាថ៌កំបាំង» រឹបអូស​ឧបករណ៍អេឡិចត្រូនិក ៣០ម៉ឺនគ្រឿង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប «ផ្ទះអាថ៌កំបាំង» រឹបអូស​ឧបករណ៍អេឡិចត្រូនិក ៣០ម៉ឺនគ្រឿង

 អាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ដោយ​បាន​ចាប់យកវត្ថុតាងបានជាង ៣០ម៉ឺនគ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ។ នេះបើ​យោង​តាម​លោក រ័ត្ន ស៊្រាង មេ​បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេពេញ។


លោក រ័ត្ន ស៊្រាង បាន​ថ្លែង​នៅ​ថ្ងៃ​ទី១៧ ខែមករា​នេះ​ថា ទីតាំង​ដែល​បើក​លក់​​ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី​នេះ ត្រូវ​បាន​ក្មែងៗ​សិស្ស​សាលា​ដែល​ជា​អតិថិជន​ហៅ​ថា «ផ្ទះអាថ៌កំបាំង»។ ផ្ទះ​នេះ​ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ ទីតាំងនេះ​មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទប្រុស អាយុ ៥៨ឆ្នាំ។

ដោយ​មាន​ការ​សម្របសម្រួល​ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ​ កម្លាំងជំនាញការិយាល័យ​ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន​ចុះ​បង្ក្រាប​នៅ​យប់​​ថ្ងៃទី១៥ ខែមករា ដោយ​រឹបអូស​វត្ថុតាង រួមមាន៖ ម៉ាស៊ីជក់ចម្រុះម៉ាក ចំនួន 268,504 ម៉ាស៊ីន​ ក្បាលជក់ចម្រុះម៉ាក ចំនួន 69,615 ក្បាល ទឹក Vape (វេប) ចំនួន 792 ដប និងម៉ាស៊ីនកិនកញ្ឆា ចំនួន 443 ម៉ាស៊ីន។

លោក​ រ័ត្ន ស៊្រាង ថ្លែង​ថា៖ «សមត្ថកិច្ច​បាន​ឃាត់ខ្លួនម្ចាស់ទីតាំង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់និងបង្ក្រាបជាច្រើនកន្លែងមកហើយ»។

លោក​បន្ត​ថា៖ «ចំពោះឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានរាជរដ្ឋាភិបាល ដាក់បទបញ្ជា ហាមឃាត់ដាច់ខាត មិនឲ្យនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឡើយ។ បទ​បញ្ជា​នេះ​គឺក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ»៕

Post a Comment (0)
Previous Post Next Post