គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនបរទេសសរុបចំនួន ៧៥នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់។
ក្នុងប្រតិបត្តិការនៅថ្ងៃទី១៦ ខែមករាកន្លងទៅ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រខណ្ឌចំនួនពីរ រួមមាន ទីតាំងសណ្ឋាគារ សេវេន ហេវិន ស្ថិតនៅខណ្ឌ៧មករា ដោយឃាត់ខ្លួនបាន ចំនួន ៣៩ នាក់ រួមមានជនជាតិប៉ាគីស្ថាន ២៦ នាក់, ជនជាតិឥណ្ឌា ១១ នាក់ និងជនជាតិបង់ក្លាដេស ០២ នាក់។
ប្រតិបត្តិការនៅទីតាំងទី២ ធ្វើនៅផ្ទះសំណាក់ C8 ស្ថិតនៅខណ្ឌសែនសុខ ឃាត់ខ្លួនបាន ៣៦ នាក់ ដែលរួមមានជនជាតិឥណ្ឌា ២៥នាក់ និងជនជាតិបង់ក្លាដេសចំនួន ១១នាក់។ នេះបើយោងតាម លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
រដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីបង្ក្រាបការឆបោកតាមអនឡាញ។ នៅថ្ងៃទី៥ មករាកន្លងទៅ លោកនាយករដ្ឋមន្ត្រីដាក់ចេញនូវអនុក្រឹត្យថ្មីសន្លាងចុងក្រោយ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ ដើម្បីបន្ថែមប្រសិទ្ធភាព ទៅលើយុទ្ធនាការថ្នាក់ជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
យោងតាម លេខាធិការដ្ឋានគ.ប.ឆ.ប. គិតពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី១៦ខែមករា ឆ្នាំ ២០២៦នេះ សមត្ថកិច្ចបានចុះបង្ក្រាបសរុបបាន ១៤ទីតាំង នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប ដោយឃាត់ខ្លួនជនសង្ស័យសរុប ១៦២ នាក់ ក្នុងនោះជនជាតិចិន ៥០នាក់, កូរ៉េខាងត្បូង៣២នាក់, ឡាវ ១នាក់, ឥណ្ឌា ៣៦នាក់, បង់ក្លាដេស ១៣នាក់, ប៉ាគីស្ថាន ២៧នាក់ និងនេប៉ាល់ ៣នាក់។
លេខាធិការដ្ឋានគ.ប.ឆ.ប. ថ្លែងថា៖ «សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ»៕

