ជំនួយ​ជា​សាច់ប្រាក់​ផ្ដល់​ដល់​ជនភៀសខ្លួន​ជាង​៣ពាន់​គ្រួសារ ខណៈ​វិបត្តិ​នៅតែ​អូសបន្លាយ​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ជំនួយ​ជា​សាច់ប្រាក់​ផ្ដល់​ដល់​ជនភៀសខ្លួន​ជាង​៣ពាន់​គ្រួសារ ខណៈ​វិបត្តិ​នៅតែ​អូសបន្លាយ​

 ខេត្ដ​ឧត្ដរមានជ័យ៖ ពលរដ្ឋ​ភៀសសឹក​​ជាង ៣,០០០ គ្រួសារ ដែល​រង​ផលប៉ះពាល់​ពី​ការប៉ះទង្គិច​តាម​ព្រំដែន​កម្ពុជា​–​ថៃ បាន​​ទទួល​ជំនួយ​ជា​សាច់ប្រាក់​បន្ទាន់ ដែល​បង្ហាញថា ​វិបត្តិ​មនុស្សធម៌​នៅ​តំបន់​ព្រំដែន​នៅតែ​បន្ត​អូសបន្លាយ ខណៈ​ប្រជាពលរដ្ឋ​ជាច្រើន​មិនទាន់​អាច​វិលត្រឡប់​ទៅ​លំនៅឋាន​របស់ខ្លួន​វិញ​បាន​។​


​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៦ ការ​ចែកចាយ​ជំនួយ​ជា​សាច់ប្រាក់​បានចាប់ផ្តើម​សម្រាប់ពលរដ្ឋ​ភៀសខ្លួន​ចំនួន ៣,០៥០ គ្រួសារ នៅតាម​ជំរំ​ក្នុង​ខេត្តព្រះវិហារ សៀមរាប ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ​។ 


យោង​តាម​ស្ថានទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹងថា​៖ «​ជំនួយ​នេះ​មាន​គោលបំណង​ជួយ​បំពេញតម្រូវការ​បន្ទាន់ ដូចជា អាហារ ជម្រក និង​សម្ភារៈ​ចាំបាច់ ខណៈ​គ្រួសារ​ជាច្រើន​នៅតែ​រស់នៅក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​បន្ទាប់ពី​ការរត់​ភៀស​សឹក​ដោយសារ​ជម្លោះ»​។​


​នៅ​ជំរំ​ចុងកាល់​ថ្មី ខេត្ត​ឧ​ត្ត​រ​មានជ័យ ការចែក​ចាយ​បាន​ឈានដល់​ពលរដ្ឋ​ភៀសសឹក​ចំនួន ១,៥១៩ គ្រួសារ ដោយមាន​ការចូលរួម​ពី​លោក​ ឌឺ​រេ​ក យី​ប ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​​កម្ពុជា លោកស្រី សុភា​ន់ ផាន នាយិកា​ជាតិ​អង្គការ​អុក​ស្វា​ម​នៅ​កម្ពុជា លោក​ មាន ចាន់​យ៉ា​ដា អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ដៃគូ​មូលដ្ឋាន​។ 


វត្តមាន​ថ្នាក់ដឹកនាំ​ទាំងនេះ​បង្ហាញ​ពី​កម្រិត​នៃ​តម្រូវការ​មនុស្សធម៌ និង​សារៈសំខាន់​នៃ​ការសហការ​រវាង​ដៃគូ​ជាតិ និង​អន្តរជាតិ​។​


លោក​ ចាន់​យ៉ា​ដា អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ថ្លែងថា ជំនួយ​នេះ​នឹង​ជួយ​បន្ថយ​បន្ទុក​ភ្លាមៗ​ដល់​គ្រួសារ​ដែល​បាន​អស់​ធនធាន​ក្រោយពេល​ភៀសខ្លួន​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​។ 


លោក​ក៏បាន​អំពាវនាវ​​ដល់​​​សហគមន៍​អន្តរជាតិ​ជួយ​ជំរុញឱ្យ​​បទ​ឈប់​បាញ់​មាន​ស្ថិរ​ភាពជា​អចិន្ត្រៃយ៍ ដើម្បី​​ឱ្យ​​ប្រជាពលរដ្ឋ​អាច​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​សុវត្ថិភាព​។​


លោក​ ឌឺ​រេ​ក យី​ប បានឱ្យ​ដឹង​ថា អូស្ត្រាលី​បាន​បង្កើន​ការគាំទ្រ​ដល់​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដែល​ជន​ស៊ីវិល​កំពុង​ជួបប្រទះ​។​


​លោក​បាន​ថ្លែងថា «​អូស្ត្រាលី​ជា​ដៃគូ​ដ៏​គួរឱ្យ​ទុកចិត្ត​របស់​កម្ពុជា អស់​រយៈពេល​យូរ​។ ការលំបាក​របស់​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​ភៀសខ្លួន​ដោយសារ​ជម្លោះ​គឺ​ធ្ងន់ធ្ងរ ហើយ​អូស្ត្រាលី​បានផ្តល់​ជំនួយ​បន្ទាន់ រួមមាន ទឹកស្អាត អាហារ ជម្រក អនាម័យ និង​ជំនួយ​ហិរញ្ញវត្ថុ ដើម្បី​ជួយ​បំពេញតម្រូវការ​បន្ទាន់​របស់​គ្រួសារ​»​។​


​លោកស្រី សុភា​ន់ ផាន នាយិកា​ជាតិ​អង្គការ​អុក​ស្វា​ម​នៅ​កម្ពុជា បាន​ថ្លែងថា ការ​ចែកចាយ​ជំនួយ​លើក​នេះ គឺជា​ការឆ្លើយតប​ដំបូង​ក្រោម​ការគាំទ្រ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ប៉ុន្តែ​បាន​បញ្ជាក់ថា តម្រូវការ​មនុស្សធម៌​នៅតែមាន​កម្រិត​ខ្ពស់​។​


​លោកស្រី​បាន​បញ្ជាក់ថា៖ «​នេះ​ជា​អន្តរាគមន៍​មនុស្សធម៌​លើក​ទី​៦ របស់​អុក​ស្វា​ម ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០២៥ មក​។ ការលំបាក​របស់​គ្រួសារ​ជនភៀសខ្លួន​នៅតែ​ធ្ងន់ធ្ងរ ហើយ​ត្រូវការ​ការខិតខំ​រួមគ្នា ដើម្បី​ធានាថា​សហគមន៍​ងាយ​រងគ្រោះ​ទទួលបាន​ការគាំទ្រ​បន្ត និង​ឱកាស​ក្នុង​ការកសាង​ជីវិត​ឡើងវិញ​ដោយមាន​សេចក្តីថ្លៃថ្នូរ​»​។​


​ជំនួយ​ជា​សាច់ប្រាក់​នេះ ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​មនុស្សធម៌​របស់​រដ្ឋាភិបាល​អូស្ត្រាលី ចំនួន ២៥០,០០០ ដុល្លារ​អាមេរិក តាមរយៈ​អង្គការ​អុក​ស្វា​ម ដើម្បី​ជួយ​ជនភៀសខ្លួន​នៅ​កម្ពុជា​។ ជាមួយនឹង​ថវិកា​នេះ អុក​ស្វា​ម​នឹង​ផ្តល់​ការគាំទ្រ​ផ្នែក​ទឹកស្អាត អនាម័យ អាហារ និង​ជម្រក​បន្ទាន់​។​


​ទោះបី​ជាមាន​ជំនួយ​ថ្មី​នេះ​ក៏ដោយ អង្គការ​មនុស្សធម៌​បាន​ព្រមាន​ថា ការ​ភៀសខ្លួន​អាច​បន្ត​អូសបន្លាយ ប្រសិនបើ​ស្ថានការណ៍​សន្តិសុខ​តាម​ព្រំដែន​មិន​ប្រសើរឡើង​។ 


សម្រាប់​គ្រួសារ​ដែល​នៅតែ​រស់នៅក្នុង​ជំរំ ជំនួយ​ជា​សាច់ប្រាក់​អាចជួយ​សម្រួល​ការលំបាក​បណ្តោះអាសន្ន ប៉ុន្តែ​មិនទាន់​អាចជា​ជំរើស​ចុងក្រោយ ខណៈ​អនាគត​នៅតែ​ពោរពេញ​ដោយ​ភាពមិនច្បាស់លាស់​៕


Post a Comment (0)
Previous Post Next Post