អាមេរិកនឹងផ្តល់ជំនួយ ៤៥លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងកសាងសន្តិភាពឡើងវិញរវាងកម្ពុជានិងថៃ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អាមេរិកនឹងផ្តល់ជំនួយ ៤៥លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងកសាងសន្តិភាពឡើងវិញរវាងកម្ពុជានិងថៃ

 ទីក្រុងវ៉ាស៊ីនតោន៖ មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប ទទួលបន្ទុកតំបន់អាស៊ីបូព៌ា នាថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ បានលើកឡើងថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយចំនួន ៤៥លានដុល្លារ ដល់កម្ពុជា និងថៃ ដើម្បីពង្រឹងកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការជួយប្រទេសទាំងពីរ កសាងសន្តិភាពឡើងវិញ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Michael DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា៖

«សហរដ្ឋអាមេរិក នឹងបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា និងថៃ ស្របពេលដែលភាគីទាំងពីរ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ហើយត្រួសត្រាយផ្លូវ ដើម្បីវិលត្រឡប់ទៅរកសន្តិភាព វិបុលភាព និងស្ថិរភាពឡើងវិញ សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល»។

លោក DeSombre បានឱ្យដឹងថា សហរដ្ឋអាមេរិក នឹងផ្តល់ថវិកាចំនួន ១៥លានដុល្លារ សម្រាប់កិច្ចប្រឹងប្រែងស្តារស្ថិរភាពនៅតំបន់ព្រំដែន ដើម្បីជួយសហគមន៍មូលដ្ឋាន ស្តារជីវភាពរស់នៅឡើងវិញ និងគាំទ្រដល់អ្នកដែលបានភៀសខ្លួន ដោយសារជម្លោះនាពេលថ្មីៗនេះ។

ក្រៅពីនេះ ថវិកាចំនួន ១០លានដុល្លារ នឹងត្រូវផ្តល់សម្រាប់ការងារដោះ និងបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏នឹងផ្តល់ថវិកា ២០លានដុល្លារ សម្រាប់កិច្ចផ្តួចផ្តើមនានា ដើម្បីជួយកម្ពុជា និងថៃ ប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរគ្រឿងញៀន ព្រមទាំងកម្មវិធីផ្សេងៗទៀត។

គួរបញ្ជាក់ថា បើតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Michael DeSombre នឹងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ថៃ និងកម្ពុជា នៅទីក្រុងបាងកក និងទីក្រុងភ្នំពេញ នាថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ព្រមទាំងកិច្ចប្រឹងប្រែងទូលំទូលាយ ក្នុងការលើកកម្ពស់ផលប្រយោជន៍រួម នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលកាន់តែមានសុវត្ថិភាព រឹងមាំ និងរីកចម្រើនថែមទៀត៕



Post a Comment (0)
Previous Post Next Post