ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក​មក​ភ្នំពេញថ្ងៃស្អែក​​និង​ប្រកាស​ផ្ដល់ជំនួយ​៤៥​លានដុល្លារសម្រាប់ដោះស្រាយ​ជម្លោះ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក​មក​ភ្នំពេញថ្ងៃស្អែក​​និង​ប្រកាស​ផ្ដល់ជំនួយ​៤៥​លានដុល្លារសម្រាប់ដោះស្រាយ​ជម្លោះ

 លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក គ្រោងនឹងមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករា ខណៈដែលសហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយចំនួន ៤៥លានដុល្លារ ដើម្បីចូលរួមចំណែកដោះស្រាយវិវាទរវាងកម្ពុជា និងថៃ។


នៅក្នុងសន្និសីទសារព័ត៌មានតាម​ប្រព័ន្ធ​ Zoom នៅរសៀលថ្ងៃទី៩ ខែមករានេះ លោក DeSombre បានថ្លែង​ថា លោកបានជួបជាមួយមន្ត្រីថៃនៅទីក្រុងបាងកកនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងកិច្ចខិតខំប្រឹងប្រែងទូលំទូលាយក្នុងការលើកកម្ពស់ផលប្រយោជន៍រួម នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលកាន់តែមានសុវត្ថិភាព រឹងមាំ និងសម្បូររុងរឿងជាងមុន។


លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បី​អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់ទៅរកសន្តិភាព វិបុលភាព និងស្ថិរភាពសម្រាប់ប្រជាជនរបស់ពួកគេ និងតំបន់ទាំងមូល។


លោកថ្លែង​ដូច្នេះ​ថា៖ «ដើម្បីជួយសម្រេចកិច្ចការនេះ ខ្ញុំមានមោទកភាពក្នុងការប្រកាសថា យើងនឹងផ្តល់ថវិកា ១៥លានដុល្លារ សម្រាប់ធ្វើឱ្យមានស្ថិរភាពព្រំដែន ដើម្បីជួយសហគមន៍ឱ្យងើបឡើងវិញ និងជួយដល់ជនភៀសសឹក, ១០លានដុល្លារ សម្រាប់ប្រតិបត្តិការដោះមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និង ២០លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមនានាដែលនឹងជួយប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោក និងការជួញដូរគ្រឿងញៀន រួមទាំងកម្មវិធីជាច្រើនទៀតផងដែរ»។


បើតាមលោក DeSombre ការស្ដារសន្តិភាពនៅព្រំដែនថៃ-កម្ពុជា នឹង​បើកឱកាសថ្មីសម្រាប់សហរដ្ឋអាមេរិកក្នុងការពង្រឹងកិច្ចសហការជាមួយប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់ និងជំរុញផលប្រយោជន៍របស់រួម​​នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកឱ្យកាន់តែមានសុវត្ថិភាព រឹងមាំ និងសម្បូររុងរឿង។


លោកក៏បានស្វាគមន៍ចំពោះបទឈប់បាញ់ចុងក្រោយនេះ ដោយ​បាន​លើក​ឡើង​ពី​​ការ​ចេញ​សារគាំទ្រដោយផ្ទាល់ពីសំណាក់ ប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេស ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) ផងដែរ។ លើសពីនេះ លោកក៏បានស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ។


លោកបានថ្លែងថា៖ «ការដោះលែងទាហានកម្ពុជា ១៨នាក់ ពីសំណាក់ភាគីថៃ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាពយូរអង្វែង»៕


Post a Comment (0)
Previous Post Next Post