សៀមរាបៈ សមត្ថកិច្ចខេត្តសៀមរាបបានបង្ក្រាបរថយន្ត២គ្រឿង និងអ្នកបើកបរ ដែលដឹកជញ្ជូនលៀសខុសច្បាប់ប្រមាណជា ២៨តោន ប្រគល់ជូនមន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។
នគរបាលជាតិបានឱ្យដឹង នៅថ្ងៃអាទិត្យ ទី១១ ខែមករានេះថា លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរង ទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងជំនាញ សហការជាមួយ កម្លាំងមូលដ្ឋានស្រុក ចុះបង្ក្រាបរថយន្ត២គ្រឿង ដែលដឹកជញ្ជូនលៀសខុសច្បាប់ ប្រមាណជា២៨ តោន នៅទីតាំង២ផ្សេងៗគ្នា ក្នុងស្រុកជីក្រែង និងស្រុកសូទ្រនិគម កាលពីវេលាម៉ោងជាង៧យប់ថ្ងៃសុក្រ ទី៩ ខែមករានេះ។
ក្នុងករណីទី១ នគរបាលបានធ្វើការឃាត់ខ្លួនបុរសជាអ្នកបើកបរម្នាក់ឈ្មោះ ភី សុភក្រ័ អាយុ ៣៦ឆ្នាំ ដោយសារតែដឹកជញ្ជូនលៀសគ្មានលិខិតអនុញ្ញត តាមយរថយន្តម៉ាក សាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2H.3460 ក្នុងនោះ សមត្ថកិច្ចបានរកឃើញលៀសចំនួន ១៥០ប៉េ ស្មើនឹង ៧ ៥០០គីឡូក្រាម។ ជនសង្ស័យរស់នៅភូមិក្រចាប ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ករណីពី២ ម្ចាស់រថយន្តម៉ាក អ៊ីស៊ុយស៊ុយ (ISUZU) ពាក់ស្លាកលេខភ្នំពេញ 3B.0930 បានរត់គេចខ្លួនបាត់។ នគរបាលបានរកឃើញលៀសខុសច្បាប់ចំនួន ២១ ២៥០ គីឡូក្រាម នៅលើរថយន្តនេះ។


