សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ៥នាក់ និងសង្គ្រោះជនរងគ្រោះ ៩នាក់ ពាក់ព័ន្ធនឹងការចាប់បង្ខាំង និងជំរិតទារប្រាក់ ពីជនជាតិចិនដូចគ្នា នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែមករាកន្លងទៅ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែមករា នាយកដ្ឋានបានទទួលពាក្យបណ្តឹងរបស់ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ Tang Qunhui អាយុ៥៧ឆ្នាំ។ ស្ត្រីរូបនេះបានបញ្ជាក់ក្នុងពាក្យបណ្ដឹងថា កូនប្រុសរបស់ខ្លួនឈ្មោះ Yin Xing អាយុ៣៤ឆ្នាំ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន ៥០,០០០ដុល្លារ។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់ទីតាំងបង្ខាំងជនរងគ្រោះខាងលើដែលនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះបានជនរងគ្រោះចំនួន៩នាក់ និងឃាត់ខ្លួនបានជនសង្ស័យជនជាតិចិនចំនួន ៥។ ជនសង្ស័យរួមមានឈ្មោះ Chen Yue អាយុ៤០ឆ្នាំ ភេទប្រុស, Laing Chang Lai, អាយុ២៨ឆ្នាំ, ឈ្មោះ Da Hal អាយុ២៨ឆ្នាំ, ឈ្មោះ Tong Yun អាយុ៣៥ឆ្នាំ, និងឈ្មោះ Lu Yi Wang អាយុ២៧ឆ្នាំ ជនជាតិចិន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

