នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ (Cambodia Airways) បានចាប់ផ្តើមដំណើរការដោយជោគជ័យនូវសេវាកម្មហោះហើរត្រង់ថ្មីទៅមក រវាងរាជធានីភ្នំពេញ និងទីក្រុងណានជីង ដែលនេះជាការពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ផ្លូវអាកាសរវាងកម្ពុជា និងចិន។
ផ្លូវហោះហើរថ្មីនេះ គឺជាការតភ្ជាប់ដោយផ្ទាល់ទី២ របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ រវាងប្រទេសទាំង២ ដែលបានដាក់ឱ្យដំណើរការក្នុងខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានដាក់ឱ្យដំណើរការដោយជោគជ័យនូវផ្លូវហោះហើររវាងក្រុងព្រះសីហនុ ⇌ ឆឹងឌូ (Chengdu) កាលពីថ្ងៃទី២១ ខែមករា កន្លងទៅ ដែលនេះបង្ហាញពីការបន្តពង្រីកខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នៅក្នុងទីផ្សារប្រទេសចិន។
ខណៈពេលដែលបុណ្យចូលឆ្នាំចិនកាន់តែកៀកជិតមកដល់ តម្រូវការធ្វើដំណើរបន្តកើនឡើងក្នុងចំណោមសហគមន៍ជនជាតិចិននៅក្រៅប្រទេស ដែលចង់វិលត្រឡប់មកផ្ទះវិញដើម្បីជួបជុំក្រុមគ្រួសារ។ សេវាហោះហើរថ្មីទៅមកភ្នំពេញ ⇌ ណានជីង ផ្តល់ឱ្យអ្នកដំណើរនូវមធ្យោបាយកាន់តែឆាប់រហ័ស និងងាយស្រួលជាងមុនក្នុងការជួបជុំជាមួយមនុស្សជាទីស្រលាញ់ ទន្ទឹមនឹងនោះក៏ជួយសម្រួលដល់ក្រុមគ្រួសារ ក្នុងការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាសម្រាប់ការជួបជុំក្នុងឱកាសថ្ងៃឈប់សម្រាកផងដែរ។
នៅរសៀលថ្ងៃដដែលនោះ ជើងហោះហើរលេខ KR910 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Nanjing Lukou ហើយបានចុះចតដោយសុវត្តិភាពនៅរាជធានីភ្នំពេញ ដែលជាការបញ្ចប់នូវការធ្វើដំណើរទៅមកជាលើកដំបូង និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការពង្រីកបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ។
ជាមួយនឹងការដាក់ឱ្យដំណើរការសេវាកម្មថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព គួរឱ្យជឿទុកចិត្ត និងមានគុណភាពខ្ពស់ ដោយផ្តល់ជូននូវកាលវិភាគហោះហើរដែលអាចបត់បែនបាន ដែលជួយតភ្ជាប់ចម្ងាយផ្លូវ និងនាំមនុស្សឱ្យកាន់តែជិតស្និទ្ធ។
ក្រៅពីពីផ្លូវហោះហើរទៅមកភ្នំពេញ⇌ណានជីង ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ក៏មានដំណើរការសេវាកម្មហោះហើរត្រង់ពីភ្នំពេញទៅកាន់ទីក្រុងធំៗជាច្រើនមួយចំនួនរបស់ប្រទេសចិន រួមមានទីក្រុងក្វាងចូវ សិនជិន ហុងកុង ម៉ាកាវ ឆុងឈីង ឆាងសា និង សាន់យ៉ា ព្រមទាំងជើងហោះហើររវាងក្រុងព្រះសីហនុ និងឆេងឌូ ដែលផ្តល់ជូនអ្នកដំណើរនូវបណ្តាញតភ្ជាប់ដ៏ងាយស្រួល និងកាន់តែសម្បូរបែប រវាងកម្ពុជា និងចិន៕







