ច្រាំងទន្លេ​ក្រុង​កំពង់ចាម ​​​៧០x៣២ម៉ែត្រ បាក់ស្រុត​​ អាជ្ញាធរ​បិទ​ចរាចរណ៍​បណ្ដោះអាសន្ន​​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ច្រាំងទន្លេ​ក្រុង​កំពង់ចាម ​​​៧០x៣២ម៉ែត្រ បាក់ស្រុត​​ អាជ្ញាធរ​បិទ​ចរាចរណ៍​បណ្ដោះអាសន្ន​​

 ខេត្ដ​កំពង់ចាម៖ សំណង់​ច្រាំងទន្លេ​នៅ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម បាន​បាក់ស្រុត​យ៉ាងធ្ងន់ធ្ងរ កាលពី​យប់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រមាណ ១១​យប់ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​កៅស៊ូ និង​សំណង់​ទប់​ច្រាំង​មួយផ្នែកធំ បាក់​ចូលទៅក្នុង​ទន្លេ។

ឧប្បត្ដិហេតុនេះ​​នាំ​ឱ្យ​អាជ្ញាធរខេត្ត​ចាត់វិធានការ​បិទ​ចរាច​រណ៍​បណ្ដោះអាសន្ន និង​ស្នើសុំ​អន្តរាគមន៍​ពី​អង្គភាព​ជាតិ ដើម្បី​ចុះ​ពិនិត្យ​វាយតម្លៃ និង​សិក្សា​លទ្ធភាព​ស្តារឡើងវិញ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ឱ្យដឹងថា៖ «ករណី​បាក់ស្រុត​នេះ បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​»។ 

សេចក្តីប្រកាស​ព័ត៌មានបានបន្ដថា​៖ «​ផ្នែក​ខាងលើ បាន​បាក់ស្រុត​សំណង់​ច្រាំង និង​សំណង់​សួន​ទាំង​ស្រុង រួមទាំង​សំណង់​ផ្លូវ​កៅស៊ូ មួយផ្នែកធំ ដែលមាន​បណ្តោយ​ប្រវែង​ប្រមាណ ៧០​ម៉ែត្រ ខណៈ​ផ្នែក​ខាងក្រោម សំណង់​បេតុង​ទប់​ច្រាំង មាន​បណ្តោយ​ប្រវែង​ប្រមាណ ៧០​ម៉ែត្រ និង​ទទឹង ៣២​ម៉ែត្រ បាន​បាក់ស្រុត​ចូល​ទឹកទន្លេ​ទាំងស្រុង»​។​

​រដ្ឋបាលខេត្ត​បាន​ឱ្យ​​ដឹងថា ការវាយតម្លៃ​បឋម​បង្ហាញថា មូលហេតុ​នៃ​ការបាក់​ស្រុត​ច្រាំងទន្លេ​នេះ បណ្តាលមកពី​ទីតាំង​ស្ថិតនៅ​ខាងមុខ​អន្លង់​ទឹក​កួច ដែលមាន​ជម្រៅ​ចាប់ពី ១,២ ម៉ែត្រ ទៅ ៦ ម៉ែត្រ និង​សំណង់​ច្រាំងទន្លេ​ត្រូវបាន​សាងសង់​តាំងពី​ឆ្នាំ​២០១២ ដែល​មកដល់ពេលនេះ បាន​តស៊ូ​ការពារ​ការបាក់​ស្រុត​ច្រាំងទន្លេ​អស់​រយៈពេល​ជាង ១៤​ឆ្នាំ​មកហើយ​។​

​ឆ្លើយតប​នឹង​ស្ថានការណ៍​នេះ រដ្ឋបាលខេត្ត​កំពង់ចាម បាន​ដាក់ចេញ​វិធានការ​ភ្លាមៗ ចំនួន ២​ចំណុច ដោយបាន​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច ហាមឃាត់​ការធ្វើ​ចរាចរណ៍ និង​ការធ្វើដំណើរ​ចេញចូល​តំបន់​បាក់ស្រុត​ច្រាំងទន្លេ ជា​បណ្តោះអាសន្ន ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ទូទៅ​។ 

ជាមួយគ្នានេះ អ្នក​ប្រកប​របរ​រកស៊ី​ក្នុង​ទីតាំង ឬ​ជាប់​នឹង​ទីតាំង​កើតហេតុ ដែល​ប្រឈម​ហានិភ័យ ក៏ត្រូវ​បាន​ណែនាំ​ឱ្យ​​ផ្លាស់ប្តូរ​ទៅ​ទីតាំង​មាន​សុវត្ថិភាព​ផងដែរ​។​

រដ្ឋបាលខេត្ត​បានធ្វើ​របាយការណ៍ដល់​​រាជរដ្ឋាភិបាល និង​ស្នើសុំ​អន្តរាគមន៍​ទៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ស្នើសុំ​ការចុះពិនិត្យ វាយតម្លៃ​លក្ខណៈ​បច្ចេកទេស និង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ស្តារ និង​សាងសង់​សំណង់​ច្រាំងទន្លេ​ឡើងវិញ​។ 

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៦ ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម សហការ​ជាមួយ​រដ្ឋបាលខេត្ត បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ​រួចហើយ​។​

​រដ្ឋបាលខេត្ត​កំពង់ចាម បានស្នើ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់ ឬ​ធ្វើដំណើរ​ទៅក្នុង ឬ​ជិត​តំបន់​កើតហេតុ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ដែល​កំពុង​ប្រចាំការ រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​តំបន់ ដោយមាន​ការយោគយល់ ខណៈ​ការវាយតម្លៃ​បច្ចេកទេស និង​វិធាន​ការបន្ត កំពុងដំណើរការ​៕


Post a Comment (0)
Previous Post Next Post