ក្រោយចាប់ខ្លួនស្ថាបនិក ធនាគារព្រីនស៍ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ Morisonkak MKA audit-accounting Co., Ltd នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើរាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីថ្ងៃទី៨ ខែមករានេះ។
ធនាគារជាតិបានជូនដំណឹងនៅថ្ងៃនេះថា៖ «ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក គឺអាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី»។
ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុត លើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ ក៏ដូចជាអតិថិជននានា។
ក្រសួងមហាផ្ទៃ បញ្ជាក់ពីការចាប់ខ្លួន Chen Zhi ស្ថាបនិកធនាគារព្រីនស៍ ឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui បញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា។ បុគ្គលទាំង៣ ជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ទ្រង់ទ្រាយធំ ដែលតុលាការអាមេរិកបានចោទប្រកាន់។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅយប់ថ្ងៃទី៧ ខែមករា ក្រសួងមហាផ្ទៃបញ្ជាក់ថា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននេះក៏ធ្វើឡើងតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចចិន ផងដែរ។
ឈ្មោះ Chen Zhi ដែលទទួលបានសញ្ជាតិខ្មែរ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមក្រសួងមហាផ្ទៃ។
ពលរដ្ឋកម្ពុជាជាច្រើនសាទរការចាប់ខ្លួន Chen Zhi និងបក្ខពួក និងលើកទឹកចិត្តឲ្យបន្តការបោសសម្អាតបទល្មើសឆបោកតាមអនឡាញឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីកម្ពុជាអាចរស់នៅក្នុងភាពស្អាតស្អំ និងទាក់ទាញការវិនិយោគ។
លោក Chen Zhi មានដើមកំណើតចិន និងត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ពីបទឆបោក និងសម្អាតប្រាក់ពាក់ព័ន្ធនឹងការដំណើរការបណ្តាញឆបោកតាមអនឡាញដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារពីកម្ពុជា។
កាលពីខែតុលា អាជ្ញាធរសហរដ្ឋអាមេរិកបានបើកការចោទប្រកាន់លើលោក Chen Zhi ថាបានគ្រប់គ្រងទីតាំងនានានៅក្នុងប្រទេសកម្ពុជា ជាកន្លែងដែលកម្មកររងគ្រោះដោយការជួញដូរ ត្រូវបានបង្ខំឱ្យធ្វើសកម្មភាពឆបោកកាក់ឌីជីថល (Cryptocurrency) ដែលប្រមូលបានប្រាក់រាប់ពាន់លានដុល្លារ។
លោកប្រឈមជាប់ពន្ធនាគាររហូតដល់ ៤០ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថាមានទោសនៅក្នុងសហរដ្ឋអាមេរិក លើបទចោទប្រកាន់ពីបទឆបោកតាមប្រព័ន្ធអេឡិចត្រូនិក និងការសមគំនិតលាងលុយកខ្វក់ ដែលពាក់ព័ន្ធនឹងប៊ីតខុញ (Bitcoin) ប្រមាណ ១២៧,២៧១ កាក់ ហើយត្រូវបានសហរដ្ឋអាមេរិករឹបអូស។។ បច្ចុប្បន្ននេះ កាក់ឌីជីថលនេះមានតម្លៃលើទីផ្សារជាង ១១ពាន់លានដុល្លារ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានស្វាគមន៍ការចាប់ខ្លួន Gen Zhi និងបក្ខពួកដែរ ហើយបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានធ្វើការបង្ក្រាបលើបទល្មើសឆបោកជាច្រើនឆ្នាំមកហើយ មិនមែនតែករណី Gen Zhi នេះទេ។
លោក យង់ ពៅ៖ «ការចាប់ខ្លួននេះ គឺជាការរួមចំណែកមួយនៅក្នុងកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ឆាកការទូត និង និងកិច្ចសហការបង្ក្រាប online scam។ តែនេះមិនមែនជាកិច្ចប្រឹងប្រែងតែមួយរបស់កម្ពុជាទេ គឺកម្ពុជាបានធ្វើច្រើនហើយ គ្រាន់តែថា Gen Zhi គឺជាមនុស្សសំខាន់ដែលសហរដ្ឋអាមេរិកចក្រភពអង់គ្លេសតាមចាប់ខ្លួន»។
លោកបន្តថា កម្ពុជាត្រូវតែបន្ថែមប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញបន្តទៀត ដើម្បីកម្ពុជាអាចរស់នៅក្នុងភាពស្អាតស្អំ ដែលជួយឲ្យកម្ពុជាអាចទាក់ទាញវិនិយោគទុនពីប្រទេសធំៗ វិនិយោគទុកស្អាតស្អំ ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការអន្តរជាតិមានដំណើរការទៅដោយរលូនល្អ។ សេដ្ឋកិច្ចដែលរឹងមាំ គឺជាការវិនោយោគពីក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្អៗ ហើយកម្ពុជា៕ភ្នំពេញប៉ុស្តិ៍

