អាជ្ញាធរចិនថា​​នឹង​នាំ​ខ្លួន​បក្ខពួក​របស់​ Chen Zhi បន្ថែម​ទៀត
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អាជ្ញាធរចិនថា​​នឹង​នាំ​ខ្លួន​បក្ខពួក​របស់​ Chen Zhi បន្ថែម​ទៀត

 ក្រសួងសន្តិសុខសាធារណៈចិន បានប្រកាសនៅថ្ងៃ​ទី៨ ខែមករា​នេះ​ថា ខ្លួនបានធ្វើបត្យាប័នឈ្មោះ Chen Zhi ដែលជាជនជាតិចិន ពីប្រទេសកម្ពុជាដោយជោគជ័យ កាលពីថ្ងៃទី៧ ខែមករា។


ទីភ្នាក់ងារសារព័ត៌មាន​ Xinhua បានរាយការណ៍នៅថ្ងៃនេះថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីសំណាក់ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ខណៈដែលកងកម្លាំងនគរបាលចិនមួយក្រុម ត្រូវបានក្រសួងសន្តិសុខសាធារណៈចាត់បញ្ជូនមក​កម្ពុជា​ កាលពីថ្ងៃទី៧ ខែមករា ដើម្បី​នាំ​ខ្លួន​ Chen Zhi។

ក្រសួងបានកំណត់អត្តសញ្ញាណឈ្មោះ Chen Zhi ថាជាមេក្លោងនៃបណ្ដាញល្បែងស៊ីសង និងការឆបោកឆ្លងដែនដ៏ធំមួយ។

Xinhua បានលើកឡើងការអះអាង​របស់​ក្រសួង​សន្តិសុខសាធារណៈចិន​ថា៖ «នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀត នៅក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសចិន និងកម្ពុជា»។

ប្រភពដដែលបានបញ្ជាក់ថា ការស៊ើបអង្កេតបានរកឃើញថា ក្រុមឧក្រិដ្ឋជនរបស់ Chen Zhi ត្រូវបានសង្ស័យថាបានប្រព្រឹត្តបទល្មើសជាច្រើន រួមមាន ការបើកកាស៊ីណូ​លេង​ល្បែងស៊ីសង, ការឆបោក, ការធ្វើអាជីវកម្មខុសច្បាប់ និងការលាក់បាំងផលដែលបានមកពីបទឧក្រិដ្ឋ។

Chen Zhi ត្រូវបានដាក់ឲ្យស្ថិតក្រោមវិធានការឃុំខ្លួនស្របតាមច្បាប់ ហើយសំណុំរឿងនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ត។

បើតាម Xinhua ដដែល ក្រសួងសន្តិសុខសាធារណៈបានថ្លែងថា នគរបាលនឹងចេញដីកាចាប់ខ្លួនសមាជិកស្នូលនៃក្រុមឧក្រិដ្ឋជនរបស់ Chen Zhi ក្នុងពេលឆាប់ៗនេះ ហើយនឹងប្ដេជ្ញានាំខ្លួនជនគេចខ្លួនទាំងអស់មកកាត់ទោសតាមច្បាប់។

បើ​តាម Xinhua ដដែល នគរបាល​ចិន​ព្រមានយ៉ាងម៉ឺងម៉ាត់ដល់ឧក្រិដ្ឋជន ឲ្យយល់ដឹងពីស្ថានការណ៍ ភ្ញាក់រលឹកពីកំហុស និងចូលមកសារភាពចំពោះមុខអាជ្ញាធរជាបន្ទាន់ ដើម្បីទទួលបានការអនុគ្រោះ៕

Post a Comment (0)
Previous Post Next Post