អនុក្រឹត្យថ្មី៖ ម្ចាស់ទីតាំងត្រូវពិន័យ៤លានរៀល ខណៈមន្រ្តីមានសមត្ថកិច្ចត្រូវបណ្តេញចេញពីការងារ បើឱ្យជនបរទេសខុសច្បាប់ស្នាក់នៅ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អនុក្រឹត្យថ្មី៖ ម្ចាស់ទីតាំងត្រូវពិន័យ៤លានរៀល ខណៈមន្រ្តីមានសមត្ថកិច្ចត្រូវបណ្តេញចេញពីការងារ បើឱ្យជនបរទេសខុសច្បាប់ស្នាក់នៅ

 ភ្នំពេញៈ ម្ចាស់ទីតាំងឬ អ្នកគ្រប់គ្រង«ទីតាំងរស់នៅប្រមូលផ្តុំ» ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។ នេះបើយោងតាមអនុក្រឹត្យថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធ ទី៧​ ខែមករានេះ។ 

អនុក្រឹត្យស្តីពី«ការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ» ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតកាលពីថ្ងៃទី៥ ខែមករានេះ មានគោលបំណង ដើម្បីធានាដល់ សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះប្រធានអង្គភាព ឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ និងអ្នកស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្តុំ នៅក្នុងប្រទេសកម្ពុជា លើកលែងតែកន្លែងស្នាក់នៅប្រមូលផ្តុំរបស់កងយោធពលខេមរភូមិន្ទនិងកងកម្លាំងនគរបាលជាតិ។

អនុក្រឹត្យបានកំណត់និយមន័យ«ទីតាំងរស់នៅប្រមូលផ្តុំ» គឺសំដៅដល់ទីសំណាក់ប្រមូលផ្តុំ និង/ឬលំនៅឋានប្រមូលផ្តុំនៃគ្រឹះស្ថានឬ សហគ្រាសសាធារណៈឬ ឯកជន ដែលរួមមានបុរី ខុនដូ អាផាតមិន រីសត បឹងកាឡូ អគារសហកម្មសិទ្ធិ រោងចក្រ សហគ្រាស កសិដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស តំបន់ដីសម្បទានសេដ្ឋកិច្ច ផ្ទះសំណាក់ សណ្ឋាគារ អន្តេវាសិកដ្ឋាន វត្តអារាម វិហារសាសនា និងមណ្ឌលថែទាំកុមារកំព្រាជាដើម។ 

អនុក្រឹត្យក៏បានចែងថា៖«អាជ្ញាធរមានសមត្ថកិច្ច ដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយភាពស្មោះត្រង់ មានចេតនាលាក់បាំង ជនបរទេស ដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ឱ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំ ណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្តេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ»។

ប្រធានអង្គភាព ឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មានកាតព្វកិច្ច កត់ត្រាអ្នកស្នាក់នៅទាំងអស់ ចូលក្នុងបញ្ជីទៅតាមទម្រង់ជាក្រដាសនិង/ឬទម្រង់ជាអេឡិចត្រូនិក ដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។ បញ្ជីឈ្មោះអ្នកស្នាក់នៅ ដែលត្រូវបានកត់ត្រា ត្រូវផ្តល់ជូនទៅអាជ្ញាធរមានសមត្ថកិច្ចតាមការកំណត់។បន្ថែមពីនេះ ពួកគេក៏ត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈពេល«២៤ម៉ោង»យ៉ាងយូរ ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច



លើសពីនេះ មុននឹងអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ ក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់នៅកម្ពុជា ហើយមិនត្រូវអនុញ្ញាតឱ្យជនបរទេស ដែលចូលមកកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនឡើយ។

ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវផ្តល់ប្លង់ប្រព័ន្ធសន្តិសុខសុវត្ថិភាព នៃអគារស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ដល់អាជ្ញាធរមាន សមត្ថកិច្ចតាមការស្នើសុំ។

អនុក្រឹត្យក៏បានកំណត់ផងដែរថា ទិន្នន័យទាំងស្រុង ដែលមានក្នុងកាមេរ៉ាសុវត្ថិភាពក្នុងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវរក្សាទុកក្នុងរយៈពេល«យ៉ាងតិច៩០ថ្ងៃ» ដើម្បីជូនមន្ត្រីមានសមត្ថកិច្ចតាមការស្នើសុំ។ ទិន្នន័យក្នុងបញ្ជីកំណត់ត្រាចេញចូលនៃការស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវរក្សាទុកក្នុងរយៈពេល «យ៉ាងតិច១ឆ្នាំ» ដើម្បីជូនមន្ត្រីមានសមត្ថកិច្ចតាមការស្នើសុំ។

ក្រសួងមហាផ្ទៃមានសមត្ថកិច្ចដឹកនាំអនុវត្តអនុក្រឹត្យនេះ ហើយធ្វើប្រតិភូកម្មការងារគ្រប់គ្រងការស្នាក់នៅ និងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ ជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះក្រសួងមហាផ្ទៃ ក្នុងការអនុវត្ត ការងារដែលបានទទួលប្រតិភូកម្មពាក់ព័ន្ធនឹងការគ្រប់គ្រងការស្នាក់នៅនិងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាម ទីតាំងរស់នៅប្រមូលផ្តុំ៕


Post a Comment (0)
Previous Post Next Post