នាវា​ចម្បាំង​អាមេរិក​ចត​នៅ​កំពង់ផែ​រាម ៥ថ្ងៃ​ ដើម្បី​លើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកងទ័ពជើងទឹក
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

នាវា​ចម្បាំង​អាមេរិក​ចត​នៅ​កំពង់ផែ​រាម ៥ថ្ងៃ​ ដើម្បី​លើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកងទ័ពជើងទឹក

 នាវាចម្បាំងសហរដ្ឋអាមេរិក USS CINCINNATI (LCS 20) នឹង​ចត​នៅ​​កំពង់ផែរាម​ នាខេត្ត​ព្រះសីហនុ រហូត​ដល់​ថ្ងៃទី២៨ ខែមករា​ ក្នុង​បេសកកម្ម​បំពេញទស្សនកិច្ចលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា និងសហរដ្ឋអាមេរិក។ នាវា​នេះបាន​មក​ដល់​កំពង់ផែរាម នៅ​ព្រឹក​ថ្ងៃទី២៤ ខែមករា​នេះ។


នាវា​នេះ​​​មាន​ទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងប្រមាណ ១៣០ម៉ែត្រ ហើយមានកន្លែងផ្ទុកឧទ្ធម្ភាគចក្រផងដែរ ដែលដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew J.Recame ហើយ​ត្រូវ​បាន​ទទួល​ស្វាគ​នមន៍​ដោយ​លោក អ៊ិន​ សុខេមរា​ មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាមនៃ​កងទ័ព​ជើង​ទឹក។

យោង​តាម​មន្ត្រី​នៃ​កងទ័ព​ជើង​ទឹក ចាប់តាំងពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ២០២៦ នេះ នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចូលសំចត បំពេញទស្សនកិច្ច សរុបទាំងអស់ចំនួន ៣១ លើកដែល​មាន​នាវា​សរុប​ចំនួន ៣៧គ្រឿង។ 

ការ​ចូល​ចត​លើក​ចុង​ក្រោយ​ធ្វើ​ឡើង​នៅឆ្នាំ ២០២៤ ដែល​ពេល​នោះ​គឺ​នាវាឈ្មោះ USS Savanna បានសំចតចាប់ពីថ្ងៃទី១៦-២០ ខែធ្នូ។ 

មកទល់​ពេលនេះ ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានរយៈពេល ៧៦ ឆ្នាំ ដែល​ចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ក្រោយពេលបញ្ចប់សង្គ្រាមលោកលើកទី២។ ក្រោម​ទំនាក់​ទំនង​នេះ កងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក​ បានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទៅវិញទៅ មកតាមរយៈការហ្វឹកហ្វឺននានា ការចូលជួបសវនាការសម្តែងការគួរសម និងជួយឧបត្ថម្ភគាំទ្រផ្សេងៗទៀត។

លោក អ៊ិន​ សុខេមរា​ ថ្លែង​​ថា លោក​សង្ឃឹម​ថា​នឹងមានកិច្ចសហប្រតិបត្តិការបន្តទៀតរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលធនធានមនុស្ស ការងារ ហ្វឹកហ្វឺនរួមគ្នាស្របទៅតាមការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ។

លោក អ៊ិន​ សុខេមរា​ ថ្លែង​ថា៖ «កងទ័ពជើងទឹកកកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបតិត្តការរវាងកងទ័ពជើងទឹក ប្រទេសទាំងពីរជាមួយនិងការស្វាគមន៍បន្ថែមទៀតពីសំណាក់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក»។

មន្ត្រី​ដដែល​បាន​ថ្លែង​ថា ដំណើរទស្សនកិច្ចនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។

លោកថ្លែង​ថា៖ «កម្ពុជាបន្តគាំទ្រការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ាន និងឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈកិច្ចសហប្រតិបត្តិការដែលផ្អែកលើការគោរពអធិបតេយ្យភាព និងច្បាប់អន្តរជាតិ»៕

Post a Comment (0)
Previous Post Next Post