ប៉ៃលិនៈ ការគ្រប់គ្រងគុណភាពខ្យល់តាមរយៈការបង្កើនការផ្សព្វផ្សាយ និងវិធានការទប់ស្កាត់និងបញ្ឈប់ ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះត្រូវបានពង្រីកទៅដល់ប៉ៃលិន ជាខេត្តជាយដែន។
ប៉ៃលិនជាខេត្តគោលដៅមួយក្នុងចំណោមខេត្តជាប់ព្រំដែនផ្សេងទៀត ដែលក្រសួងបរិស្ថានកំពុងតែធ្វើយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់គុណភាពខ្យល់ ចាប់ពីខែមករានេះ រហូតដល់ខែមេសា ឆ្នាំ២០២៦ ដើម្បីធានាបាននូវការគាំពារសុខភាពសាធារណៈ និងបរិស្ថាន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃនៅក្នុងរដូវប្រាំងនេះ។
អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ទី២៣ ខែមករានេះថា ដើម្បីគុណភាពខ្យល់ស្អាត និងចូលរួមជំរុញសកម្មភាពដើម្បីបរិស្ថានល្អ ក្រសួងបរិស្ថានបានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។
លោកបន្តថា ក្រសួងបរិស្ថាន បាននិងកំពុងទទួលបានការចូលរួមពីប្រជាពលរដ្ឋ និងអនុវត្តសកម្មភាពជាប្រចាំនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង«យុទ្ធនាការផ្លូវជាតិគ្មានថង់ប្លាស្ទិក» ដែលសុទ្ធសឹងតែជាការចូលរួមលើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងការជៀសវាងការដុតប្លាស្ទិកនៅតាមទីសាធារណៈ។
ក្នុងឱកាសនៃពិធីផ្សព្វផ្សាយនោះ ហែម ឫទ្ធី អភិបាលរងខេត្តប៉ៃលិន បានថ្លែងអំណរគុណដល់ ការរៀបចំយុទ្ធនាការជំរុញសកម្មភាពទប់ស្កាត់ការបំពុលខ្យល់សាធារណៈ របស់ក្រសួងបរិស្ថានក្នុងខេត្តប៉ៃលិន។ លោកបានបន្ថែមថា រដ្ឋបាលខេត្តប៉ៃលិន ចូលរួមសហការបន្តវិធានការផ្សព្វផ្សាយ សារាចរលេខ០១របស់រាជរដ្ឋាភិបាល ជាពិសេសធ្វើការអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។
ក្រសួងបរិស្ថានបានចាត់ទុក ខ្យល់ស្អាត និងបរិស្ថានប្រកបដោយសុខុមាលភាព ថាជាមូលដ្ឋានគ្រឹះនៃជីវិត។ ខ្យល់បរិសុទ្ធ និងបរិស្ថានប្រកបដោយសុខភាព មិនមែនជាភាពស៊ីវិល័យសម្រាប់តែការលម្អជីវិតនោះទេ ប៉ុន្តែវាគឺជា "លក្ខខណ្ឌចាំបាច់បំផុត" ដែលមិនអាចខ្វះបានសម្រាប់រាល់ការរស់រានមានជីវិត។


