ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងថា សហរដ្ឋអាមេរិកកំពុងសិក្សាអំពីកិច្ចព្រមព្រៀងដែលអាចទៅរួចមួយលើកោះហ្គ្រីនឡែន (Greenland) បន្ទាប់ពីកិច្ចពិភាក្សាជាមួយអង្គការណាតូ (NATO) ខណៈដែលលោកបានបោះបង់ផែនការដំឡើងពន្ធលើសម្ព័ន្ធមិត្តអឺរ៉ុបដែលបានប្រឆាំងនឹងផែនការរបស់លោក។
នៅលើបណ្តាញសង្គម លោក ត្រាំ បានលើកឡើងថា «កិច្ចប្រជុំប្រកបដោយផ្លែផ្កាបំផុត» ជាមួយមេដឹកនាំណាតូ បាននាំទៅដល់ ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលអាចទៅរួចមួយពាក់ព័ន្ធនឹងកោះហ្គ្រីនឡែន និងតំបន់អាក់ទិក។
អង្គការណាតូក៏បានចាត់ទុកកិច្ចប្រជុំនោះថា «ប្រកបដោយផ្លែផ្កាបំផុត» ផងដែរ និងបានបញ្ជាក់ថា កិច្ចពិភាក្សាលើក្របខ័ណ្ឌដែលលោក ត្រាំ បានលើកឡើងនោះ នឹងផ្តោតលើការធានាសន្តិសុខនៅតំបន់អាក់ទិក។
មុននេះ លោក ត្រាំ បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង ដាវ៉ូស (Davos) ថា លោកនឹងមិនប្រើប្រាស់កម្លាំងយោធាទេ ប៉ុន្តែចង់ឱ្យមានការចរចាដើម្បីទទួលបានកម្មសិទ្ធិលើដែនដីមួយនេះ។
នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិករូបនេះបានសរសេរថា៖ «យើងបានបង្កើតក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនាពេលអនាគតមួយពាក់ព័ន្ធនឹងកោះហ្គ្រីនឡែន ហើយតាមពិតទៅគឺពាក់ព័ន្ធនឹងតំបន់អាក់ទិកទាំងមូលតែម្តង»។
លោកបន្តថា៖ «ដំណោះស្រាយនេះ ប្រសិនបើសម្រេចបានជោគជ័យ វានឹងក្លាយជាផលដ៏អស្ចារ្យសម្រាប់សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាសមាជិកណាតូទាំងអស់»។
លោកមិនបានបញ្ជាក់ទេថា តើសំណើនេះរួមបញ្ចូលទាំងការដែលអាមេរិកមានកម្មសិទ្ធិលើដែនដីស្វយ័តរបស់ដាណឺម៉ាកនេះឬយ៉ាងណា ប៉ុន្តែលោកបានប្រាប់បណ្តាញទូរទស្សន៍ខ្សែកាបអាមេរិកមួយថា ផែនការនេះអាចនឹងពាក់ព័ន្ធនឹងសិទ្ធិលើធនធានរ៉ែ។
លោកបានបន្ថែមថា រដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និងបេសកជនពិសេស លោក ស្ទីវ វីតខូវ (Steve Witkoff) នឹង «រាយការណ៍ផ្ទាល់» ជូនលោក ខណៈដែលការចរចានៅតែបន្ត។
រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក ឡាស ឡុកឃេ រ៉ាស្មូសេន (Lars Løkke Rasmussen) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ថ្ងៃនេះកំពុងបញ្ចប់ទៅក្នុងស្ថានភាពល្អប្រសើរជាងពេលដែលវាបានចាប់ផ្តើម»។
លោកបានបន្ថែមថា៖ «ឥឡូវនេះ ចូរយើងអង្គុយចុះ ហើយស្វែងរកវិធីដោះស្រាយកង្វល់ផ្នែកសន្តិសុខរបស់អាមេរិកនៅតំបន់អាក់ទិក ដោយនៅតែគោរពតាមបន្ទាត់ក្រហម (ដែនកំណត់មិនអាចបំពានបាន) នៃព្រះរាជាណាចក្រដាណឺម៉ាក»។
នៅក្នុងរយៈពេលជាច្រើនម៉ោងបន្ទាប់មកនោះ ព័ត៌មានលម្អិតខ្លះៗក៏ចាប់ផ្តើមលេចចេញមក។
លោក ត្រាំ បានប្រាប់ទូរទស្សន៍ CNBC ថា កិច្ចព្រមព្រៀងដែលអាចកើតមាននេះអាចនឹងមានសុពលភាព «ជារៀងរហូត» ហើយអាចពាក់ព័ន្ធនឹងសិទ្ធិលើធនធានរ៉ែ និងប្រព័ន្ធការពារមីស៊ីល Golden Dome ដែលបានគ្រោងទុក។ លោក ត្រាំ បានប្រមើលមើលប្រព័ន្ធនេះថាជាខែលការពារដែលមានឧបករណ៍ស្ទាក់ចាប់ និងឧបករណ៍ចាប់សញ្ញា គ្របដណ្តប់ទាំងលើដី សមុទ្រ និងលំហអាកាស ដើម្បីការពារសហរដ្ឋអាមេរិកពីការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ។
ក្រៅពីទីតាំងយុទ្ធសាស្ត្ររបស់កោះហ្គ្រីនឡែន រដ្ឋបាលរបស់លោក ត្រាំ ក៏បានលើកឡើងអំពីធនធានបម្រុងរ៉ែកម្រ (rare earth minerals) ដ៏មហាសាលដែលភាគច្រើនមិនទាន់ត្រូវបានទាញយក ដោយរ៉ែទាំងនោះជាច្រើនមានសារៈសំខាន់ខ្លាំងសម្រាប់បច្ចេកវិទ្យានានា រួមទាំងទូរសព្ទដៃ និងរថយន្តអគ្គិសនីផងដែរ៕ bbc


