វត្តមានរបស់ក្រុមហ៊ុន ដូនពេញ អាហ្រ្គីកូ(Daun Penh Agrico Co., Ltd) បានធ្វើឱ្យចំនួនក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) កើនដល់ ២៧ និងអាចប្រមូលមូលធនពីផ្សារហ៊ុនបានសរុបជាង ៧០០ លានដុល្លារ ខណៈតាមការរំពឹងទុកនៅចុងឆ្នាំ២០២៦ នេះ ការប្រមូលមូលធននឹងអាចកើនឡើងដល់ ១ ពាន់លានដុល្លារ។
«ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ» នៅផ្សារមូលបត្រកម្ពុជា ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការផ្សារមូលបត្រកម្ពុជា (CSX) ដោយមានការចូលរួមពីលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
ដូនពេញ អាហ្រ្គីកូ គឺក្រុមហ៊ុនវិនិយោគលើផ្នែកកសិកម្មខ្នាតធំ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបានបោះទុនវិនិយោគនៅខេត្តរតនគិរី និងខេត្តក្រចេះ។ ក្រុមហ៊ុននេះមានទិសដៅនាំចេញផលិតផលរបស់ខ្លួនទៅទីផ្សារប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង វៀតណាម អាស៊ីកណ្តាល និងមជ្ឈឹមបូព៌ា។
ប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា លោក ហ៊ាន សាហ៊ីប បានចាត់ទុកការសម្រេចចិត្តរបស់ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ ក្នុងការបោះផ្សាយលក់មូលបត្របំណុលនាពេលនេះគឺជាគំរូដ៏ល្អមួយសម្រាប់សហគ្រាសក្នុងស្រុកដទៃទៀតក្នុងការស្វែងរកប្រភពទុនរយៈពេលវែង និងមានតម្លៃទាប តាមរយៈទីផ្សារមូលបត្រកម្ពុជាដែលជាជម្រើសដ៏ល្អមួយក្នុងការផ្តល់នូវភាពងាយស្រួល រហ័ស និងបត់បែនខ្ពស់ ដល់ម្ចាស់សហគ្រាសទាំងក្នុង និងក្រៅប្រទេស។ លោកបន្តថា តំបន់ដែលក្រុមហ៊ុនវិនិយោគគឺជាទីតាំងដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តល់ការលើកទឹកចិត្តឱ្យផ្នែកឯកជនទៅវិនិយោគក្រោម«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន រួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី»។
លោកបន្ថែមថា ការសម្រេចចិត្តនេះ(ចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា) បានផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអាចកៀរគរទុនក្នុងទំហំធំ អត្រាការប្រាក់ទាប និងអាចប្រើប្រាស់បានរយៈពេលវែង ដើម្បីបម្រើទៅដល់ការពង្រឹង និងពង្រីកសក្តានុពលអាជីវកម្ម ជាពិសេសបង្កើនសមត្ថភាពប្រតិបត្តិការ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាជាដើម។
អគ្គនាយកផ្សារមូលបត្រកម្ពុជា លោក ហុង សុហួរ អះអាងថា គិតត្រឹមថ្ងៃនេះផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៧ ដែលរួមមាន ក្រុមហ៊ុនចំនួន ១២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុន ១៥ ទៀត បានចុះបញ្ជីលក់មូលបត្របំណុល។ ក្រុមហ៊ុនទាំង ២៧ បានប្រមូលទុនសរុបពីទីផ្សារមូលបត្រប្រមាណ ៧០៣ លានដុល្លារអាមេរិក។
នាយកនៃនិយ័តករមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ និយាយថា ភាពជោគជ័យនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុន ដូនពេញ អាហ្វ្រីកូ សម្រាប់វិនិយោគិនគុណវុឌ្ឍិ បានបង្ហាញយ៉ាងច្បាស់ថា ទីផ្សារមូលបត្រកម្ពុជាអាចបំពេញបន្ថែមទៅលើហិរញ្ញប្បទានពីធនាគារដោយផ្តល់នូវប្រភពទុនរយៈពេលវែង និងមានចីរភាព ដែលសមស្របសម្រាប់ក្រុមហ៊ុនក្នុងការប្រើប្រាស់លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រ, ការផ្គត់ផ្គង់ថាមពលអគ្គិសនី, គ្រឿងចក្រធុនធ្ងន់ដើម្បីពង្រីកអាជីវកម្ម បង្កើនផលិតភាព និងអភិវឌ្ឍខ្សែសង្វាក់តម្លៃកសិកម្ម, និងការលើកកម្ពស់សមត្ថភាពនាំចេញផលិតផលទៅក្រៅប្រទេសរបស់ក្រុមហ៊ុន៕

