ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-កាណាដា​នឹង​រីក​កាន់​តែ​ធំ ខណៈ​ឆ្នាំ​២០២៥ សម្រេចបាន​ជាង ១,៣ ពាន់លាន​ដុល្លារ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-កាណាដា​នឹង​រីក​កាន់​តែ​ធំ ខណៈ​ឆ្នាំ​២០២៥ សម្រេចបាន​ជាង ១,៣ ពាន់លាន​ដុល្លារ

 ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​-កាណាដា ក្នុង​ឆ្នាំ​២០២៥ មាន​​ទឹក​ប្រាក់​ប្រមាណជាង ១,៣ ពាន់​លាន​ដុល្លារ កើន​ឡើង​ ១៤% បើ​ធៀប​នឹងឆ្នាំ​២០២៤ ខណៈ​មន្ត្រី​ជាន់​ខ្ពស់​នៃ​​រដ្ឋាភិបាល​​ប្រទេស​ទាំង ២ បាន​ប្ដេជ្ញានឹងខិតខំ​ជំរុញ​​​ទំហំពាណិជ្ជកម្មទ្វេភាគី និងកិច្ច​សហប្រតិបត្តិការក្នុងវិស័យអាទិភាពជា​ច្រើន​ទៀត​។​

ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា(GDCE) ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​២០២៥ ការ​នាំ​ចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​កម្ពុជា-​កាណាដា មាន​ទឹក​ប្រាក់​សរុប ១,៣៣ ពាន់លាន​ដុល្លារ កើន​ឡើង ១៤% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ដែល​មាន ១,១៧ ពាន់លាន​ដុល្លារ​។​ ក្នុង​ចំនួន​នេះ គឺ​​កម្ពុជា​នាំ​ទៅ​កាណាដា ១,២៧ ពាន់​លាន​ដុល្លារ កើន​​ ១៤,៦% និងទំនិញ​​កាណាដា​នាំចូល​មកកម្ពុជា​​ ៦៣,៤១ លាន​ដុល្លារ​ កើនឡើង ៣,១%។

ប្រទេស​កាណាដា គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំ​ជាង​គេ​ទី ៧ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ ជប៉ុន និង​សិង្ហបុរី។​

ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​​​ទាំង ២ ត្រូវ​​រំពឹង​ថា​នឹង​ហក់​ឡើង​បន្ថែម​ទៀត​ចាប់​ពី​ឆ្នាំ​២០២៦ តទៅ​បន្ទាប់​ពី​រដ្ឋាភិបាល​កាណាដាកាលពី​ពេល​ថ្មីៗនេះ ​បាន​សម្រេច​វិលត្រឡប់មកបើកនិវេសនដ្ឋានស្ថានទូតកាណាដា ប្រចាំនៅកម្ពុជា(​ស្ថិត​ក្នុង​ទីក្រុងភ្នំពេញ) ឡើងវិញ។

នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ​ក្នុង​ជំនួប​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃប្រទេសកាណាដាប្រចាំកម្ពុជា បាន​លើក​ឡើង​ថា ក្នុង​នាម​រដ្ឋាភិបាល​កាណាដា លោក​មាន​សុទិដ្ឋិនិយមយ៉ាង​ខ្លាំង​ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជានា​ពេល​នេះ ហើយ​​សង្ឃឹម​ថាទំនាក់ទំនងទ្វេភាគី​កម្ពុជា-​កាណាដា នឹង​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរថែម​​ទៀត​ចាប់​ពី​ពេល​នេះ​តទៅ​​។

លោក​ថ្លែង​ថា៖​«​ទាំងក្នុងក្របខណ្ឌទ្វេភាគី អាស៊ាន និងអន្តរជាតិ ទំនាក់ទំនងរវាងប្រទេសកម្ពុជា-កាណាដា នឹង​កាន់តែសកម្ម ជាពិសេស​ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលកំពុងដើរស្របទៅមុខជាមួយនឹងទំនាក់ទំនងកាន់តែជ្រាលជ្រៅខាងនយោ​បាយ និងការទូត​នៃ​ប្រទេស​ទាំង ២»។

ជា​ការ​ឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញ​ការ​ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក Christian DesRoches និង​បាន​​ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល​​ប្រទេស​កាណាដា ដែលបានវិលត្រឡប់មកបើកនិវេសនដ្ឋាននៃស្ថានទូត​របស់​ខ្លួន​ប្រចាំនៅកម្ពុជា​ឡើង​វិញ។

លោក​​និយាយ​ថា៖​«​កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដា​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​កម្ពុជាឱ្យ​កាន់​តែ​ប្រសើរ​បន្ថែម​ទៀត»។ លោក​បន្ត​ថា៖​«​រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគ វិនិយោគិនកាណាដា មកដាក់ទុនវិនិយោគ​នៅកម្ពុជាឱ្យ​កាន់​តែ​ច្រើន​ផងដែរ​»។

នៅមុន​​បញ្ចប់​​ជំនួប​នេះ ភាគី​កម្ពុជា និង​កាណាដា សុទ្ធតែ​បាន​អះអាង​ពី​ការប្ដេជ្ញាចិត្ត​​​ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការជំរុញការវិនិយោគក្នុងវិស័យសក្ដានុពល ការ​បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និង​ការ​ពង្រីកហិរញ្ញប្បទានសហប្រតិបត្តិការក្នុងវិស័យអាទិភាព។ បន្ថែម​លើ​នេះ កម្ពុជា-កាណាដា ក៏​នឹងពិនិត្យលទ្ធភាពក្នុងកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងការការពារទៅវិញទៅមកនូវការវិនិយោគ និងកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា ជាដើម។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រទេស​កាណាដា គឺ​ជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​មួយ​សម្រាប់​ទំនិញ​កម្ពុជា ដោយ​ទឹក​ប្រាក់​​នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​ទាំង ២ បាន​កើន​ឡើង​ស្ទើរ​រាល់​ឆ្នាំ​។ លោក​បន្ត​ថា តាម​រយៈ​បរិមាណ​នាំ​ចេញ​​​ដ៏​ច្រើនពី​កម្ពុជា កន្លង​មក​សភា​ពាណិជ្ជកម្ម​កម្ពុជា ​ក៏​បាន​បើក​ការិយាល័​យ​តំណាង​សភាពាណិជ្ជកម្ម(CCC) នៅ​ក្នុង​ប្រទេស​កាណាដា ផងដែរ។ ការិយាល័យ​តំណាង CCC ​​មាន​តួនាទី​ជួយ​ផ្សព្វ​ផ្សាយ​ផលិតផល​កម្ពុជា​ទៅដល់​អតិថិជន​កាណាដា និង​ផ្តល់​ព័ត៌មាន​ដើម្បី​ទាក់ទាញ​វិនិយោគិន​កាណាដា​ឱ្យមក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​កាន់​តែច្រើន​​

​លោក​បាននិយាយ​ថា៖ «​យើង​សង្ឃឹម​ថា តាម​រយៈ​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​កាណាដា នឹង​បន្ត​កើន​ឡើង​ទៀត»។

បើតាម​លោក លឹម ហេង ភាគ​ច្រើន​នៃ​ទំនិញ​កម្ពុជា​នាំទៅ​កាណាដា គឺជា​ផលិតផល​សម្លៀក​បំពាក់ ផលិតផល​ធ្វើ​ដំណើរ ស្បែកជើង កង់ និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក អគ្គិសនី ចំណែក​ទំនិញ​កាណាដា នាំមក​កម្ពុជា​រួមមាន គ្រឿង​អេឡិច​ត្រូនិក រថយន្ត ជាដើម៕​


Post a Comment (0)
Previous Post Next Post