ធ្វើ​អំណោយ​ ៣ លាន​ដុល្លារចូលថវិកាជាតិ ជនបរទេស​អាច​ស្នើសុំសញ្ជាតិ​ខ្មែរ​បាន ឬ មាន​គម្រោងវិនិយោគ​ ១ លានដុល្លារ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ធ្វើ​អំណោយ​ ៣ លាន​ដុល្លារចូលថវិកាជាតិ ជនបរទេស​អាច​ស្នើសុំសញ្ជាតិ​ខ្មែរ​បាន ឬ មាន​គម្រោងវិនិយោគ​ ១ លានដុល្លារ

 ជនបរទេស​ដែល​ចំណាយ​ទុន​ផ្ទាល់​ខ្លួន​សម្រាប់​គម្រោង​វិនិយោគ​ត្រឹមត្រូវ ក្នុង​ទឹកប្រាក់​ ៤ ប៊ីលាន​រៀល ឬ​១ ​លាន​ដុល្លារ និង ​ជន​បរទេស​ដែល​ធ្វើ​អំណោយជាសាច់ប្រាក់ដល់ថវិកាជាតិឬវិស័យមនុស្សធម៌ ១២ ប៊ីលានរៀល​ ឬ ៣ ​លាន​ដុល្លារ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​បានស្រប​​​តាម​នីតិវិធី។ នេះ​បើ​តាម​អនុក្រឹត្យស្ដីពី​ការអនុវត្តច្បាប់ស្តីពីសញ្ជាតិ។

យោង​តាមមាត្រា ២៩ នៃ​អនុក្រឹត្យស្ដីពី​ការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ចេញផ្សាយ​នៅថ្ងៃទី១ ខែ​ធ្នូ ឆ្នាំ​២០២៥ ជនបរទេសណាដែលបានទទួលការអនុញ្ញាតឱ្យវិនិយោគត្រឹមត្រូវតាមច្បាប់ពីស្ថាប័នមានសមត្ថកិច្ច ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម​បាន ស្រប​តាមមាត្រា២១ នៃច្បាប់ស្តីពីសញ្ជាតិ។

លក្ខខណ្ឌ​នេះ តម្រូវ​ឲ្យ​ជនបរទេសនោះ​​ចំណាយទុនផ្ទាល់ខ្លួនអនុវត្តគម្រោងវិនិយោគជាក់ស្តែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពី ៤ ប៊ីលាន​រៀល ឬ​ចាប់​ពី​ ១ លាន​ដុល្លារ​ឡើងទៅ។ គម្រោង​វិនិយោគ​នេះ​ត្រូវ​ស្ថិតនៅក្នុងវិស័យអាទិភាពដែល​រដ្ឋាភិបាល​បាន​កំណត់។

អនុក្រឹត្យ​បាន​ចែង​ថា៖ «សម្រាប់ជនបរទេសជាអ្នកវិនិយោគដែលស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ត្រូវពិនិត្យវាយតម្លៃដោយក្រសួងមហាផ្ទៃ។ ក្នុងករណីចាំបាច់ ក្រសួងមហាផ្ទៃអាចពិគ្រោះយោបល់​ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យនិងសម្រេច។ ទុនវិនិយោគផ្ទាល់ខ្លួន ត្រូវមានប្រភពច្បាស់លាស់និងស្របច្បាប់»។

សម្រាប់​ការ​ទទួលបាន​សញ្ជាតិ​តាមរយៈ​ការ​បរិច្ចាគ តម្រូវ​ឲ្យ​ជនបរទេស​រូប​នោះ​​​ធ្វើ​អំណោយ​សាច់​ប្រាក់​ដល់ថវិកាជាតិឬវិស័យមនុស្សធម៌ ១២ប៊ីលានរៀល​ ឬ ៣ ​លាន​ដុល្លារ​ឡើង​ទៅ។

មាត្រា៣១ នៃ​អនុក្រឹត្យ​នេះ​ចែង​ថា៖ «ជនបរទេសណាដែលបានធ្វើអំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួនដល់ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឬវិស័យមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មបានតាមមាត្រា២២ នៃច្បាប់ស្តីពីសញ្ជាតិ ក្នុងករណីដែលជននោះ បានធ្វើអំណោយជាសាច់ប្រាក់ចំនួនចាប់ពី ១២ ប៊ីលានរៀល (៣ លានដុល្លារ) ឡើងទៅ»។

អនុក្រឹត្យ​ដដែល​ក៏​បាន​បញ្ជាក់​ដែរ​ថា៖ «អំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួន ត្រូវមានប្រភពច្បាស់លាស់និងស្របច្បាប់។ អំណោយនោះត្រូវបង់ចូលថវិកាជាតិ តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។


កាលពី​កន្លងទៅ ការ​ស្នើ​សុំ​សញ្ជាតិខ្មែរ​​របស់​វិនិយោគិន​បរទេស​ តម្រូវ​ឲ្យ​មាន​គម្រោងទឹកប្រាក់វិនិយោគ​​ត្រឹមតែជាង ៣០ម៉ឺនដុល្លារ ចំណែក​ការ​ស្នើ​សុំ​សញ្ជាតិ​តាម​រយៈ​ការ​ធ្វើ​អំណោយ គឺ​មាន​ទឹកប្រាក់​២៤ម៉ឺន​ដុល្លារ៕

Post a Comment (0)
Previous Post Next Post