លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានៅតំបន់ដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់។
នៅក្នុងជំនួបជាមួយលោក Benjamin Moreau មន្រ្តីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នៅថ្ងៃទី២១ មករានេះ លោក កែវ រ៉េមី បានថ្លែងថា យោធាថៃបានយកទូកុងតឺន័រ និងបន្លាលួសមកដាក់រារាំងប្រជាជនកម្ពុជាមិនឲ្យពួកគេត្រឡប់ទៅកាន់លំនៅឋាន និងសហគមន៍ដើមរបស់ពួកគេវិញ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន គ.ស.ម.ក. បានស្នើ OHCHR ជួយពិនិត្យ និងតាមដានស្ថានភាពនេះ ដោយប្រើយន្តការសិទ្ធិមនុស្សអន្តរជាតិ ចូលរួមជាមួយភាគីពាក់ព័ន្ធ និងអំពាវនាវឱ្យមានការគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីធានាថាប្រជាពលរដ្ឋខ្មែរអាចអនុវត្តសិទ្ធិត្រឡប់ទៅលំនៅឋានរបស់ខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
គ.ស.ម.ក. ថ្លែងថា៖ «សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សមូលដ្ឋាន រួមមានសិទ្ធិធ្វើដំណើរដោយសេរី សិទ្ធិមានលំនៅដ្ឋានសមរម្យ សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសិទ្ធិទទួលបានសុវត្ថិភាពនិងការការពារ ជាដើម»។
ជំនួបរវាងលោក កែវ រ៉េមី និងលោក Benjamin Moreau ធ្វើឡើងពិនិត្យមើលលើសមិទ្ធផលការងារលើវិស័យសិទ្ធិមនុស្ស ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR នៅក្នុងឆ្នាំ២០២៥ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរសម្រាប់ឆ្នាំ២០២៦៕

