លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្យល់បន្ថែមអំពីមូលហេតុដែលកម្ពុជាសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump។
នៅក្នុងសំណេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី២៧ មករានេះ លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។
លោកបន្តថា៖ «សុច្ឆន្ទៈស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម»។
លោកថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ»។
លោក ត្រាំ បានអញ្ជើញកម្ពុជាចូលរួមក្នុងក្រុមប្រឹក្សានេះ តាមរយៈលិខិតចុះថ្ងៃទី១៦ ខែមករា ដើម្បីរកដំណោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា៕


