អ្នកវិភាគជំរុញឲ្យ​កងទ័ព​ជើង​ទឹក​អាមេរិក​ជំរុញ​ឲ្យ​ថៃ​គោរព​កិច្ច​ព្រមព្រៀង​នានា​ជាមួយ​កម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អ្នកវិភាគជំរុញឲ្យ​កងទ័ព​ជើង​ទឹក​អាមេរិក​ជំរុញ​ឲ្យ​ថៃ​គោរព​កិច្ច​ព្រមព្រៀង​នានា​ជាមួយ​កម្ពុជា

 មន្ត្រី​យោធា​ជើង​ទឹក​ជាន់ខ្ពស់​អាមេរិក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​បេសកកម្ម​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ​របស់​ខ្លួន​នៅ​តំបន់​​ឥណ្ឌូប៉ាស៊ីហ្វិក ស្ថិត​ក្នុង​គោលនយោបាយ​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក​សេរី និងបើកចំហ។ អ្នកវិភាគ​ចង់​ឲ្យ​អាមេរិក​ធ្វើ​លើស​ពី​នេះ គឺ​ជំរុញ​ឲ្យ​ថៃ​គោរព​បទឈប់បាញ់ និង​កិច្ច​ព្រមព្រៀង​នានា។


លោក​ឧត្តមនាវី Samuel J. Paparo មេបញ្ជាការ​ប្រចាំ​នៅបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិក​ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ​បានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី២៦ មករានេះ ដើម្បីពិភាក្សាពីទំនាក់ទំនងកម្ពុជា និង​សហរដ្ឋអាមេរិក​ ក្នុងវិស័យការពារជាតិ និងវិធីពង្រឹងចំណងទាក់ទងទ្វេភាគី និងការគាំទ្រដល់ស្ថិរភាពតំបន់។ នេះ​បើ​យោង​តាម​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ។


ស្ថាន​ទូត​អាមេរិក​បញ្ជាក់ថា៖ «កិច្ចពិភាក្សាបានផ្តោតលើការសន្ទនា ទំនុកចិត្តគ្នា​និងស្ថិរភាព​តំបន់។ សហរដ្ឋអាមេរិក និងកម្ពុជានឹងធ្វើការប្រកៀកស្មាគ្នា ដើម្បីលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហ»។


ជាមួយ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក Samuel J. Paparo នាវា​ពិឃាត​អាមេរិក USS Cincinnati (LCS 20) ក៏​កំពុង​ចត​នៅ​កំពង់​ផែរាម​ ខេត្តព្រះសីហនុ រហូត​ដល់​ថ្ងៃទី២៨ មករា ផងដែរ​ ក្នុង​បេសកកម្ម​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​កង​ទ័ព​ជើង​ទឹក។ នាវា​នេះ​ដឹកនាំ​ដោយ​មេ​បញ្ជាការ Andrew J. Recame។


យ៉ាងណា​ក៏ដោយ មុន​មក​ដល់​កម្ពុជា លោក Samuel J. Paparo បាន​ជួប​ជាមួយ​មេយោធាថៃ នៅទីក្រុង​បាងកង​នៅ​ថ្ងៃទី២៥ ខែមករា ដែល​ជំនួប​នោះ​ក៏​ដើម្បី​បញ្ជាក់​ពី​ភាពជាដៃគូ​យូរ​អង្វែង​រវាង​អាមេរិក​និង​ថៃ យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​សេរី និង​បើក​ចំហ និង​ការ​ធ្វើ​សមយុទ្ធរួមគ្នា ផងដែរ។


ខណៈដែល​សហរដ្ឋ​អាមេរិក មានភាព​សកម្ម​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ថៃ និង​កម្ពុជា តាំង​ពី​ខែ​កក្កដា ឆ្នាំ​មុន​មក កងទ័ព​ជើង​ទឹក​អាមេរិក​ក៏​គួរ​តែ​យក​ឱកាស​នេះ​ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ដែរ តាម​រយៈ​ការ​ជំរុញ​ឲ្យថៃ​គោរព​បទ​ឈប់បាញ់។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក គិន ភា ប្រធាន​វិទ្យាស្ថានទំនាក់​ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា។​


លោក​ថ្លែង​ដូច្នេះ​ថា៖ «កងទ័ព​សហរដ្ឋ​អាមេរិក​ហាក់ដូចជា​មិនមាន​​ប្រតិកម្ម​ណា​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ឈ្លានពាន​របស់ថៃ​មក​លើ​កម្ពុជាទេ។ ដូច្នេះ អ្វីដែល​កងទ័ព​សហរដ្ឋ​អាមេរិក​អាច​ធ្វើ​បានគឺ​ស្នើ​ឲ្យ​ភាគីថៃ​គោរពស្មារតី​បទ​ឈប់បាញ់ ជា​ពិសេស​គឺ​ស្មារតី​នៃ​សេចក្ដីប្រកាសរួម​នៅទីក្រុង​គូឡាឡាំពួរ ដែល​មាន​លោក ដូណាល់ ត្រាំ ជា​សាក្សី រួម​ជាមួយ​នាយក​រដ្ឋមន្ត្រី ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជា​ប្រធាន​អាស៊ាននាពេល​នោះ»។


លោក​ថា ​នា​ពេល​នេះ អ្វី​ដែល​សំខាន់​នោះ​គឺ​ សហរដ្ឋ​អាមេរិក​ត្រឹមតែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ថៃ​គោរព​ច្បាប់ គោរព​បទ​ឈប់​បាញ់ និង​​កិច្ច​ព្រម​ព្រៀង​នានា​ដែលថៃ​បាន​ធ្វើ​ជាមួយ​កម្ពុជា ជា​ការ​ស្រេច​​ទៅ​ហើយ៕


Post a Comment (0)
Previous Post Next Post