ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានដាក់ការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃ ជុំវិញការរឹបអូសទូកនេសាទខ្មែរ និងការចាប់ខ្លួនអ្នកនេសាទកម្ពុជាចំនួនបួននាក់ ដោយកងទ័ពជើងទឹកថៃ នៅក្នុងដែនសមុទ្ររបស់កម្ពុជា ក្នុងខេត្តកោះកុង កាលពីដើមខែមករា ឆ្នាំ២០២៦។
ក្នុងកំណត់ទូតដែលបានបញ្ជូនទៅកាន់ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៣០ ព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចកូអរដោនេ 11°33'30"N និង 102°51'39"E ដែលកម្ពុជាអះអាងថាស្ថិតយ៉ាងច្បាស់ក្នុងដែនសមុទ្រក្រោមអធិបតេយ្យភាព និងដែនយុត្តាធិការរបស់ខ្លួន។
យោងតាមកំណត់ទូត បានឱ្យដឹងថា៖ «កម្ពុជាបានតវ៉ាយ៉ាងខ្លាំងចំពោះអ្វីដែលក្រសួងការបរទេសបានពិពណ៌នាថា ជាសកម្មភាព រំលោភលើអធិបតេយ្យភាព និងយុត្តាធិការរបស់កម្ពុជា ហើយក៏បានស្នើថៃចៀសវាងសកម្មភាពបែបនេះ នាពេលអនាគត»។
យ៉ាងណាមិញ កម្ពុជាបានស្វាគមន៍ការដោះលែងអ្នកនេសាទទាំងបួននាក់វិញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែបានទាមទារយ៉ាងតឹងរឹងឱ្យភាគីថៃប្រគល់ទូកនេសាទខ្មែរ និងឧបករណ៍នេសាទទាំងអស់ដែលត្រូវបានរឹបអូស ត្រឡប់មកវិញដោយគ្មានលក្ខខណ្ឌ៕



