ជនភៀសសឹក៣០ម៉ឺននាក់ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ជនភៀសសឹក៣០ម៉ឺននាក់ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ

 ភ្នំពេញៈ ប្រជាជនភៀសសឹកប្រមាណ​ ៣០ម៉ឺននាក់ ក្នុងចំណោម៥៤ម៉ឺននាក់ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះគ្រប់ប្រភេទ ខណៈដែលអាជ្ញាធរមីនកំពុងប្រមូលយុទ្ធភណ្ឌគ្រឿងផ្ទុះនៅទីតាំងសំខាន់ៗយកទៅកម្ទេចចោល ដើម្បីធានាសុវត្ថិភាពជូនប្រជាជនភៀសសឹក។



អាជ្ញាធរមីនបានឱ្យដឹងនាថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករានេះថា ប្រជាជនភៀសសឹកប្រមាណ​ ៣០ ម៉ឺន​នាក់ ដែលបានទទួលការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះនោះ គឺនៅតាមមណ្ឌលជនភៀសសឹកក្នុងខេត្តចំនួន៧ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ។ ខេត្តទាំងនោះរួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កោះកុង ព្រះវិហារ និងឧត្តរមានជ័យ។

ជាមួយនឹងយុទ្ធនាការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក៏បាននិងកំពុងប្រមូលយកទៅកម្ទេចចោលយុទ្ធភណ្ឌគ្រប់ប្រភេទ និងបន្តធ្វើការស្រាវជ្រាវនិងបោសសម្អាត ទីតាំងមួយចំនួន ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាជនភៀសសឹកមុនពេលពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ក្រោយមានការឈ្លានពានរបស់​ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា​ជាលើកទី២ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលដៅបន្ទាន់ក្នុងការធានាសុវត្ថិភាព សុខមាលភាព និងសុខដុមរមនាជូនប្រជាជនភៀសសឹក។ ក្នុងនោះរួម មានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ មុនពេលប្រជាជនភៀសសឹកវិលត្រឡប់ទៅលំនៅឋានវិញ។ ជាមួយគ្នានោះ អាជ្ញាធរមីន ក្នុង​នាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​ បានចេញនូវសេចក្តីណែនាំសម្រាប់ភាគីពាក់ព័ន្ធ ស្តីពី វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយការយល់ដឹងពី គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ តាងនាមឱ្យ ប្រមុខរដ្ឋាភិបាល, លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនក្រសួងស្ថាប័នជំនាញ ប្រតិបត្តិករបោសសម្អាតមីន កាកបាទក្រហមកម្ពុជា កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធសកម្មភាពមីនដ៏ទៃទៀត ដែលបានចូលរួមគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសុវត្ថិភាព និងបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុណាមួយដែលអាចបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះលើប្រជាជនភៀសសឹក។

អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តសម្របសម្រួលជាមួយ ភាគីពាក់ព័ន្ធ ដោយប្រើប្រាស់ធនធានដែលមានស្រាប់ ដើម្បីធ្វើសកម្មភាពអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងតម្រង់គោលដៅបោសសម្អាតនៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារសង្រ្គាម ក្នុងការរួមចំណែកគាំទ្រដល់ការស្តារហេដ្ឋារចនាសម្ព័ន្ធ ដូចជា វត្តអារាម ប្រសាទបុរាណ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បុស្តិ៍រដ្ឋបាល ផ្សារ ស្ពាន ជាដើម និងរៀបចំលំនៅដ្ឋានឡើងវិញជូនប្រជាជនរងគ្រោះ។


លើសពីនេះ អាជ្ញាធរមីន នឹងបន្តកិច្ចសហការជាមួយប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកធនធានបន្ថែមសម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះថ្មីៗនៅកម្ពុជា៕

Post a Comment (0)
Previous Post Next Post