អ្នកជំនាញផ្នែកច្បាប់ថ្លែងថា មានតែយន្តការអង្គការសហប្រជាជាតិទេដែលអាចដោះស្រាយទឹកដីដែលថៃកាន់កាប់មកវិញដោយសន្តិវិធី ប៉ុន្តែវាស៊ីពេលយូរ ហើយសេណារីយ៉ូចុងក្រោយមានតែធ្វើសង្គ្រាមដណ្ដើមយកវិញ។
លោកមេធាវី សុខ សំអឿន ថ្លែងនៅលើបណ្ដាញសង្គមនៅថ្ងៃទី២៥ ខែមករានេះថា ប្រសិនបើថៃយល់ព្រមប្រជុំដោះស្រាយវិវាទព្រំដែនតាមយន្តការ JBC ឬ GBC គឺថាត្រូវព្រមតាមលក្ខខណ្ឌអនុសារណៈយោគយល់ MOU ឆ្នាំ ២០០១ និង ២០០៣ ពោលគឺព្រំដែនត្រូវយកតាមផែនទីបារាំងស្យាម ១/២០០.០០០។ ការដោះស្រាយតាមវិធីនេះ ថៃត្រូវប្រគល់ដីដែលដណ្តើមបានមកវិញ។
លោកថ្លែងថា៖ «ប៉ុន្តែខ្ញុំយល់ ប្រហែលជាថៃមិនព្រមប្រជុំនោះទេ គឺអាចពន្យារ ចេះតែពន្យារ ឬ ប្រកាសលែងទទួលស្គាល់។ ហើយបើយ៉ាងនេះ មិនដឹងជាប៉ុន្មានឆ្នាំទៀតនោះទេ។ បើយើងមិនចង់ចាំ គឺមានតែ ប្រើយន្តការអាស៊ាន ឬ យន្តការអង្គការសហប្រជាជាតិ»។
យ៉ាងណាក៏ដោយ យន្តការអាស៊ានបានត្រឹមតែសម្របសម្រួល ហើយបើប្រធានអាស៊ាន មិនវាងវៃដូចនាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលចេះទាញអាមេរិកឱ្យពាក់ព័ន្ធទេ គឺនឹងមិនមានប្រយោជន៍អ្វីនោះទេ។
លោកថា បើប្រើយន្តការអង្គការសហប្រជាជាតិ គឺតាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, មហាសន្និបាតអង្គការសហប្រជាជាតិ និង តុលាការអន្តរជាតិក្រុងឡាអេ ឬ/និង តុលាការព្រហ្មទណ្ឌអន្តរជាតិ។
ប៉ុន្តែលោកបញ្ជាក់ថា ការប្រើយន្តការអង្គការសហប្រជាជាតិ គឺត្រូវមានអ្នកជំនាញបញ្ចុះបញ្ចូល និង អាចប្រើពេលយូរ។
វិធីចុងក្រោយលោកថា៖ «វិធីមួយទៀត ដែលអាចរហ័ស តែមានហានិភ័យ គឺប្រើកម្លាំងទ័ពដណ្តើមមកវិញ ឬ វាយលុកចូលថៃវិញ ដែលធ្វើដូចអ៊ុយក្រែន។ តែអាចធ្វើយ៉ាងនេះបាន ត្រូវការមានលុយច្រើន បង្កើតទ័ពបន្ថែម ទិញសព្វាវុធ យន្តហោះ និង នាវា និងមានគ្រាប់ពោរពាស ហើយត្រៀមក្នុងរយៈពេលយូរ។ ហើយត្រូវជឿជាក់ថាយើងអាចធ្វើបាន។
លោកថា៖ «បើថៃចាញ់ប្រៀបយើង វានឹងទាមទារចចារមិនខាន!»៕
នៅក្រោយបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃមានវត្តមានលើទឹកដីកម្ពុជាចំនួន ១៤ទីតាំងនៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់។ ការឈរជើងរបស់ពួកគេមិននៅស្ងៀមដូចលក្ខខណ្ឌក្នុងបទឈប់បាញ់ទេ ពោលគឺពួកគេឈូសឆាយផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជា ដែលពួកគាបានដាក់បន្លាលួស និងទូរកុងតឺន័រមិនឲ្យត្រឡប់ទៅវិញ៕

